(ភ្នំពេញ)៖ នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ លោក លី ឆេង និងលោក ស្រី ប៊ែលធីគ្រុប បានសម្រេចដាក់ផែនការយុទ្ធសាស្រ្តចំនួន១២ចំណុច សម្រាប់អនុវត្តឆ្នាំ២០១៩ ដើម្បីបង្កើនវិស័យអប់រំកាន់តែមានប្រសិទ្ធភាព។
បើតាមរបាយការណ៍របស់លោកលី ប៊ុនឆៃ បានឲ្យដឹងថា ឆ្នាំ២០១៩នេះ ប៊ែលធីគ្រុប បានសម្រេច ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ចំនួន១២ចំណុច រួមមាន៖
១-ពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់តាមរយៈពិពណ៌នាការងារ បទបញ្ជាផ្ទៃក្នុង និងបង្កើនសមត្ថភាពជំនាញ
២-ពង្រឹងវិន័យសិស្ស-និស្សិតគ្រប់ថ្នាក់ និងបង្កើនទំនាក់ទំនងជាមួយ មាតាបិតា អាណាព្យាបាលសិស្ស-និស្សិត
៣-ពង្រីកសាខាសាលា និងសាកលវិទ្យាល័យ ប៊ែលធី ឱ្យបានច្រើនតាមតម្រូវការជាក់ស្តែង
៤-ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងបុគ្គលិកផ្នែកនីមួយៗ តាមរយៈ វគ្គបណ្តុះបណ្តាលខ្លី (On The Job Training)
៥-ពង្រឹងកម្មវិធីសិក្សាផ្នែកចំណេះទូទៅចាប់ពីថ្នាក់ត្រៀម បឋមសិក្សា ដល់ថ្នាក់មធ្យមសិក្សាឱ្យមានគុណភាពខ្ពស់ ដោយសិស្សថ្នាក់ទី១២ ត្រូវប្រឡងជាប់បាក់ឌុបពី ៨៥-៩០% និងទទួលបាននិទ្ទេស A ៥% នៃចំនួនសិស្សប៊ែលធីចូលរួមប្រឡងបាក់ឌុប
៦-ពង្រឹងកម្មវិធីសិក្សាបន្ថែមធំៗ ទាំង ៨ ឱ្យបានខ្ជាប់ខ្ជូន ស្របតាមពាក្យស្លោក “ការសិក្សាត្រូវផ្សារភ្ជាប់ ទ្រឹស្តីនឹងការអនុវត្តជាក់ស្តែង”
៧-បង្កើនកម្មវិធី STEM តាមរយៈ បន្ថែមសម្ភារៈបន្ទប់ពិសោធន៍ កម្មវិធី Technology បន្ទប់សម្ភារៈវិស្វកម្ម និង IMA Program
៨-បន្តបើកថ្នាក់ “គណនាលេខរហ័ស (IMA Program)” ឱ្យបានគ្រប់សាខា ចាប់ពីថ្នាក់បឋមសិក្សាឡើងទៅ
៩-សិស្សបញ្ចប់ Level 12 ត្រូវរៀនត្រៀម ៤០ម៉ោង ដើម្បីប្រឡងតេស្តអន្តរជាតិឱ្យបានពិន្ទុ IELTS 5.5 ឡើងទៅ និងលើកទឹកចិត្ត សិស្សដែលទទួលបានពិន្ទុ IELTS ចាប់ពី 6.5 ដល់ 7.0 ទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រីឯសិស្សដែលទទួលបានពិន្ទុចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ១០០% ទៅសិក្សានៅក្រៅប្រទេស
១០¬-សាកលវិទ្យាល័យ បន្តពង្រឹងកម្មវិធីសិក្សាអន្តរជាតិឱ្យបានកាន់តែល្អប្រសើរ និងកម្មវិធីសិក្សាជាភាសាជាតិ បានបន្ថែមថ្នាក់បំប៉នភាសាអង់គ្លេស ៤០ក្រេឌីត និងកុំព្យូទ័រ ១ឆ្នាំ ដោយឥតគិតថ្លៃ និងផ្តល់ឱកាសការងារជូននិស្សិតពូកែ បម្រើការនៅប៊ែលធី
១១-ប៊ែលធី ទំនាក់ទំនងអន្តរជាតិ នឹងខិតខំពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្រឹះស្ថានអប់រំល្បីៗទូទាំងពិភពលោក ដើម្បីផ្តល់ភាពងាយស្រួល និងទំនុកចិត្តជូនដល់សិស្ស-និស្សិត មាតាបិតា និងអាណាព្យាបាល
១២-ពង្រីកគោលដៅទេសចរណ៍ក្រៅប្រទេសសំខាន់ៗបន្ថែមទៀត តាមតម្រូវការរបស់អតិថិជន
ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនក្រៃលែង ៕