(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ សារី សាប៊ីត មេបញ្ជាការរងយោធភូមិភាគទី៥ និងជាអ្នកនាំពាក្យយោធភូមិភាគទី៥ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានប្រកាសច្រានចោលទាំងស្រុងនូវការចោទប្រកាន់ទាំងឡាយថា យោធភូមិភាគនេះបានយកត្រាក់ទ័រ១គ្រឿងដែលខ្លួនបង្ក្រាប ក្នុងពេលចុះល្បាតបទល្មើសតាមព្រំដែន កាលពីខែកញ្ញានោះ យកទៅលក់ឱ្យអ្នកដទៃ។
ឧត្តមសេនីយ៍ទោ សារី សាប៊ីត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យោធភូមិភាគទី៥ សូមទាត់ចោលនូវការចោទប្រកាន់នានា និងកំពុងមានវិធានការផ្លូវច្បាប់ ដើម្បីឱ្យបុគ្គលដែលចុះផ្សាយបរិហារកេរ្តិ៍ ទទួលខុសត្រូវចំពោះមុខច្បាប់»។
ប្រតិកម្មរបស់ អ្នកនាំពាក្យយោធភូមិភាគទី៥ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋម្នាក់ រស់នៅឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចោទប្រកាន់ថា ឧត្តមសេរនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ រួមទាំងឧត្តមសេនីយ៍២រូបទៀត យកត្រាក់ទ័រខ្លួនបានទិញពីភាគីថៃនោះ ទៅលក់ឲ្យអ្នកផេ្សង បន្ទាប់ពីបង្ក្រាបបាន។
អ្នកនាំពាក្យយោធភូមិភាគទី៥ បានពន្យល់ថា រហូតដល់ពេលនេះ ត្រាក់ទ័រដែលត្រូវកម្លាំងយោធាការពារព្រំដែនកម្ពុជាបង្រ្កាបបាននោះ កំពុងរក្សាទុកនៅយោធភូមិភាគទី៥ នៅឡើយទេ មិនមានលក់ដូចការចោទប្រកាន់ឡើង។
លោកបានអះអាងថា នេះជាករណីបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំ RBC រវាងភាគីកម្ពុជាថៃ ហើយកន្លងទៅបន្ទាប់ពីបង្រ្កាបនេះ ក៏មានភាគីថៃ បានចាត់តាំងតំណាងរបស់ខ្លួនមកស្នើសុំយកត្រាក់ទ័រនេះត្រឡប់ទៅវិញផងដែរ ដោយអះអាងថា ត្រាក់ទ័រនេះត្រូវបានពលរដ្ឋថៃទិញបង់រំលោះមិនទាន់ឱ្យលុយគ្រប់ចំនួន ហើយចោរលួចមិនដឹងមូលហេតុ។ ចំណែកភាគីខ្មែរដែលមិនមានឯកសារពេលនោះ បានអះអាងថា ជាត្រាក់ទ័រដែលខ្លួនទិញមកពីភាគីថៃទៅវិញ។ ជុំវិញករណីនេះ លោកស្នើឱ្យភាគីខ្មែរដែលទិញពីជនជាតិថៃណាម្នាក់ បង្ហាញអត្តសញ្ញាណអ្នកលក់នោះ ដើម្បីឱ្យសមត្ថកិច្ចកម្ពុជា-ថៃ ស្វែងរកជននោះមកទទួលខុសត្រូវ។
អ្នកនាំពាក្យយោធភូមិភាគទី៥ ដោយសារតែមានការប្រទាញប្រទង់គ្នាបែបនេះហើយ ទើបយោធភូមិភាគទី៥ បានសម្រេចរក្សាទុកនូវត្រាក់ទ័រ១គ្រឿងនេះបន្តទៀត រហូតដល់មានដំណោះស្រាយរួមនៅពេលខាងមុខ។
ទោះជាយ៉ាងនេះក្តី នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចទំនាក់ទំនង លោក ចាន់ យ៉ាត ដែលអះអាងថាខ្លួនជាម្ចាស់ត្រាក់ទ័រខាងលើនេះ ដើម្បីបកស្រាយបំភ្លឺបន្ថែមជុំវិញរឿងនេះ នៅឡើយទេ។
សូមបញ្ជាក់ថា កាលពីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ កងការពារលេខ៥០៣ ចំណុះឱ្យយោធភូមិភាគទី៥ បានបំពេញបេសកកម្មដើរល្បាតបង្គោលព្រំដែន ក៏បានប្រទះឃើញត្រាក់ទ័រ១គ្រឿង ដែលសង្ស័យជារបស់ក្រុមរកស៊ីល្មើសព្រំដែន យកលាក់ទុកនៅចំណុចបង្គោលលេខ៣៧ ទល់មុខប៉ុស្តិ៍ច្រកចេញលេខ១៩ កងរយលេខ១២៤របស់ថៃ ព្រមទាំងបានយកមកទៅរក្សាទុកនៅយោធភូមិភាគទី៥ ជាបណ្តោះអាសន្ន៕