(ភ្នំពេញ)៖ ដោយបានរស់នៅឆ្លងកាត់អតីតកាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដូចពលរដ្ឋខ្មែរដ៏ទៃទៀតជាច្រើននាក់កាលពីជំនាន់នោះ ហើយដែលមានភ័ព្វសំណាង បាននៅរស់រានមានជីវិតមកដល់បច្ចុប្បន្ននេះ ខ្ញុំមានបំណងប្រាថ្នាដ៏ទទូចមួយគឺចង់ឱ្យកូនខ្មែរពិសេសយុវវ័យជំនាន់ក្រោយចងចាំរឿងរ៉ាវសំខាន់ៗទាំងឡាយនៃប្រវត្តិសាស្ត្ររបស់ទឹកដីកំណើតខ្លួន។ 

តម្លៃជាមេរៀនពិសោធន៍ (Lessons learned) សម្រាប់ដំណើរជីវិតរបស់មនុស្សម្នាក់ៗ គឺការចងចាំដូចពាក្យប្រៀនប្រដៅរបស់ចាស់បុរាណបានរំលឹកកូនចៅរបស់គាត់ថា៖ «បាត់អ្វីបាត់ចុះ ប៉ុន្តែមិនត្រូវបាត់បង់មេរៀនពិសោធន៍ ពិសេសមេរៀនពិសោធន៍ពីកំហុសក្នុងអតីតកាល»។ ខ្ញុំលើកឡើងបញ្ហានេះក្នុងនាមពលរដ្ឋខ្មែរម្នាក់ដែលគ្រាន់តែឈឺឆ្អាលបញ្ហាកំពុងកើតមានជុំវិញខ្លួន ដោយគ្មានបំណងចាត់ទុកខ្លួនឯងជាអ្នកចេះដឹង ឬស្រលាញ់ជាតិជាងអ្នកដ៏ទៃនោះទេ។

ទស្សនវិទូបារាំងមួយរូបបានរំលឹកថា កើតមកជាមនុស្សគ្មានអ្នកណាម្នាក់ដែលល្អឥតខ្ចោះនោះទេ (L’homme n’est pas parfait) ប៉ុន្តែអាស្រ័យដោយសារអាយុកាលរបស់មនុស្សតែងមានកំណត់ ក្រឹត្យក្រមធម្មជាតិចែងច្បាស់ថា អនាគតគឺជារបស់យុវជន ហេតុនេះបានជាមនុស្សទាំងឡាយក្នុងជំនាន់ខ្ញុំតែងតែចាប់អារម្មណ៍ចំពោះដំណើរទៅកាន់អនាគតរបស់អ្នកជំនាន់ក្រោយ ប្រឈមជាមួយនឹង បញ្ហាចំរូងចំរាស់ខ្លះចៀសមិនផុតដែលជាមរតកឬជាផលវិបាក (Legacy) នៃសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍ដែលបានកើតឡើងកន្លងទៅនៅកម្ពុជា។

ទោះបីសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ត្រូវបានបញ្ចប់ជាស្ថាពរទៅហើយក្តី អ្នកដែលធ្លាប់ឆ្លងកាត់សម័យនោះនៅចងចាំបានពីអ្វីដែលបានកើតឡើងក្នុងអតីតកាល ប៉ុន្តែសម្រាប់អ្នកជំនាន់ ក្រោយមិនប្រាកដជាបន្តរក្សាបាននូវការចងចាំដូចជំនាន់ជីដូនជីតា និងឪពុកម្តាយរបស់ខ្លួនឡើយ។ ប្រការនេះ គេអាចលើកឡើងសំអាងលើមូលហេតុសំខាន់ពីរ៖

ម្យ៉ាងដោយសារយុវវ័យកើតមិនទាន់ព្រឹត្តិការណ៍យូរយារកន្លងផុតទៅ ហើយឯកសារប្រវត្តិសាស្ត្រទាំងនោះខ្លះលំបាកកត់ត្រា ចងក្រង និងរក្សាទុកឱ្យបានគត់មត់ សមល្មមសម្រាប់ការចងចាំយូរអង្វែង។ តែម្យ៉ាងទៀតគឺដោយសារយុវវ័យខ្លួនឯងមិនចង់រំលឹក ចងចាំនូវអ្វីដែលជាអនុស្សាវរីយ៍ជូរចត់នៃអតីតកាលខ្មៅងងឹតរបស់សង្គមគ្រួសារនិងសង្គមជាតិខ្លួន ហើយថែមទាំងត្រូវបំពេបំពុលទៅដោយការបំភ្លៃ ការបំផ្លើស ការញុះញង់បំផ្លាញតាមរយះការឃោសនាបែបឱកាសនិយម ប្រជាភិថុតរបស់មជ្ឈដ្ឋានអ្នកដែលប្រឆាំងសច្ចធម៌ប្រវត្តិសាស្ត្រ។

សំណួរទាំងឡាយជាតឹកតាងដែលចោទឡើងជាទូទៅក្នុងសង្គមជាតិយើងបច្ចុប្បន្នមានជាអាទិ៍៖

ហេតុអ្វីបានជាយុវជនម្នាក់មើលមិនឃើញពីឱកាសដែលកំពុងបង្កឱ្យខ្លួនគេបានសិក្សារៀនសូត្រជាមួយជំនឿចិត្ត និងក្តីរំពឹងលើអនាគតរបស់ខ្លួន? ហេតុអ្វីបានជាយុវជនមកពីជនបទម្នាក់ដែលកំពុងបម្រើការងារក្នុងសណ្ឋាគារទំនើបមួយនាទីក្រុងភ្នំពេញ មិនឱ្យតម្លៃរដ្ឋដែលបានជួយធានាការងារ និងប្រាក់ឈ្នួលសមរម្យសម្រាប់រូបគេ? ហេតុអ្វីបានជាយុវជនម្នាក់ដែលតាំងខ្លួនជាអ្នកវិភាគឯករាជ្យបញ្ហាសង្គម និយាយច្រំដែលពីភាពអសកម្មដើម្បីទាក់ទាញយុវជនដ៏ទៃទៀតឱ្យបាត់បង់ក្តីសង្ឈឹមលើការដឹកនាំរបស់រដ្ឋាភិបាល? ហេតុអ្វីបានជាយុវជនម្នាក់ដែលធំដឹងក្តីនៅឯនាយសមុទ្រ ចូលរួមជាមួយសកម្មភាពប្រឆាំងជាចំហចំពោះរដ្ឋអំណាចក្នុងប្រទេស ដែលធ្លាប់បានជួយរំដោះជីវិតឳពុកម្តាយពួកគេឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ និងមានឱកាសបានចេញទៅរស់នៅក្រៅប្រទេស? ហេតុអ្វីបានជាអ្នកនយោបាយដែលតាំងខ្លួនជាអ្នកស្រលាញ់ជាតិ ស្នេហាប្រជាធិបតេយ្យលើសគេ ប្រឹងឃោសនា អូសទាញយុវជនជំនាន់ក្រោយឱ្យបំភ្លេចអតីតកាល បំភ្លេចសច្ចៈធម៌ប្រវត្តិសាស្ត្រ បំភ្លេចគុណអ្នកជំនាន់មុន ហើយអុចអាល ញុះញង់ពួកគេឱ្យចូលរួមចលនាផ្លាស់ប្តូរសង្គមឆ្ពោះទៅកាន់អនាគតមួយក្នុងក្តីស្រមើស្រមៃដែលគ្មានភាពប្រាកដនិយម?

ប្រឈមចំពោះបញ្ហាចោទឡើងខាងលើ ខ្ញុំយល់ថា ចម្លើយជាដំណោះស្រាយពិតជាមិនមែនសាមញ្ញងាយស្រួលពេកទេ ប៉ុន្តែអ្វីដែលអាចរួមចំណែកជួយទប់ស្កាត់ព័ត៌មានមិនពិត (Fake news) អសច្ចៈភាព និងភាពប្រទូសរ៉ាយក្នុងបំណងទុច្ចរិតគឺការខិតខំស្រាវជ្រាវ ស្វែងរកការពិតនិងការចេះវិភាគថ្លឹងថ្លែងឱ្យបានត្រឹមត្រូវ មុនពេលសន្និដ្ឋានទៅលើបាតុភាពអ្វីមួយដើម្បីការពារសច្ចៈភាព ដោយផ្អែកលើមូលដ្ឋាននៃការតំកល់ផលប្រយោជន៍ជាតិ គុណប្រយោជន៍សាធារណៈខ្ពស់ពីលើអ្វីៗទាំងអស់។ កត្តាសំខាន់មួយដែលធានាដល់ការស្ថិតស្ថេរគង់វង្សរបស់សង្គមជាតិ គឺការចងចាំគ្មានថ្ងៃបំភ្លេចបាននូវរាល់ព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រពីអតីតកាលមកដល់បច្ចុប្បន្ន។

ខ្ញុំធ្លាប់ឮសាស្ត្រាចារ្យប្រវត្តិវិទ្យាដើមកំណើតខ្មែរមួយរូបនៃសាកលវិទ្យាល័យ Sorbonne ទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានទាញសញ្ញាអវិជ្ជមានពីនិន្នាការរបស់យុវជនខ្មែរជំនាន់នេះ ទាក់ទងទៅនឹងអនាគតរបស់ពួកគេដោយការសន្និដ្ឋានសង្ខេបដូចតទៅ៖ ... អាស្រ័យដោយសារការមិនចងចាំ ការមិនស្គាល់ច្បាស់ពីអតីតកាលរបស់ខ្លួន រាប់តាំងពីប្រវត្តិសាស្ត្រ វប្បធម៌ សង្គមធម៌ ទំនៀមទំលាប់ប្រពៃណីល្អពីបុរាណ។ល។ ហើយកំពុងស្ថិតក្នុងបរិបទថ្មីដែលមានការវិវត្តប្រែប្រួលឆាប់រហ័ស យុវជនជំនាន់ឥឡូវមួយចំនួនឆាប់ងាយនឹងទទួលយកដោយភ្លេចខ្លួននូវអ្វីដែលថ្មី ហើយដែលជួនកាលមិនសុទ្ធតែល្អទាំងអស់នោះទេ។ ហេតុនេះបណ្តាលឱ្យពួកគេខ្លះមិនសូវដឹងគុណមនុស្សចាស់ ហើយគិតតែខំប្រឹងប្រកួតប្រជែងគ្នាដោយគ្មានការយោគយល់ អត់អោនគ្នាដូចមនុស្សជំនាន់មុន...។ ការទូន្មានខាងលើរបស់លោកស្រីសាស្ត្រាចារ្យ គឺជាការពញ្ញាក់អារម្មណ៍ខ្មែរគ្រប់ជំនាន់។

ពេលវេលាបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ឆ្នាំថ្មីសកល២០១៩ នឹងចូលមកដល់នៅដើមសប្តាហ៍ក្រោយ។ គុណតម្លៃនៃការប្រារព្វពិធីរំលឹកខួបអនុស្សាវរីយ៍ប្រវត្តិសាស្ត្រជាអាទិ៍៖ ខួប៤០ឆ្នាំថ្ងៃកំណើតរណសិរ្ស២ធ្នូ ខួប៤០ឆ្នាំថ្ងៃជ័យជំនះ៧មករា ពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា គឺការចងចាំជាអមតៈអំពីសច្ចៈធម៌ប្រវត្តិសាស្ត្រ អំពីពលីកម្ម និងស្នាដៃដ៏ធំធេងគ្មានអ្វីប្រៀបផ្ទឹមបានដែលឥស្សរជនជាន់ខ្ពស់ រួមជាមួយនឹងអ្នកស្នេហាជាតិកម្ពុជាបង្កើតបានសម្រាប់បុព្វហេតុដ៏ថ្លៃថ្លា នៃសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន ដែលកូនខ្មែរពិសេសយុវវ័យជំនាន់នេះនិងជំនាន់បន្តទៅមុខទៀតត្រូវតបស្នងសងគុណ ដោយការរក្សាការពារគុណតម្លៃនៃការចងចាំនេះដើម្បីកសាងអនាគតថ្កុំថ្កើងរុងរឿងរបស់មាតុភូមិយើង៕

ភ្នំពេញ, ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨
នេន ទុំ