(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានថ្លែងថា បើមន្ត្រីទាំងអស់ដោះស្រាយបញ្ហាដីធ្លីបានត្រឹមត្រូវ ប្រជាពលរដ្ឋគោរពស្រលាញ់ខ្លាំងណាស់។ លោករដ្ឋមន្ត្រីបានថ្លែងទៀតថា មនុស្សគ្រប់ៗរូបសុទ្ធតែចង់ធ្វើបុណ្យទាននានា ដើម្បីកសាងអំពើល្អក្នុងខ្លួន ប៉ុន្តែសម្រាប់មន្ត្រីក្រសួងរៀបចំដែនដី បើដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋបានល្អនោះ បានបុណ្យច្រើនជាងធ្វើបុណ្យ និងហែកឋិនទៅទៀត។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសុំឲ្យមន្ត្រីជាង៣ពាន់នាក់នៅក្នុងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកថា មិនចាំបាច់ទៅហែកឋិន ដាក់បិណ្ឌដាក់បាត្រអីនោះទេ ព្រោះខាងសាសនា គឺត្រូវអ៊ីចឹងហើយ។ ខ្ញុំមិនបដិសេធនោះទេ ប៉ុន្តែដែលបានបុណ្យជាងគេនោះ គឺអំពើល្អរបស់យើង ដែលតាមរយៈឧត្តមគតិ និងគោរពវិជ្ជាជីវៈ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ»។
លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ក៏បានរិះគន់យ៉ាងខ្លាំងៗថា បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋកន្លងមក គឺបណ្ដាលមកពីភាពអសកម្មរបស់មន្ត្រីមួយចំនួន និងការដោះស្រាយដោយភាពអយុត្តិធម៌ លើករណីទំនាស់ដីធ្លីដល់ប្រជាពលរដ្ឋ ទើបធ្វើឲ្យមានបញ្ហាមិនចេះចប់មិនចេះហើយ ដែលធ្វើឲ្យបន្តអូសបន្លាយពេលវេលាយ៉ាងដូច្នេះ។
លោករដ្ឋមន្ត្រី បានស្នើឲ្យមើលអង្គហេតុឲ្យច្បាស់លាស់លើជម្លោះដីធ្លី។ លោកថា ការដោះស្រាយវិវាទដីធ្លីមិនមានយុត្តិធម៌ នឹងធ្វើឲ្យជនរងអយុត្តិធម៌ចងចាំតត្រកូល មិនអាចបំភ្លេចបានទេ៕