(ភ្នំពេញ)៖ ថ្លែងនៅមុខមន្ត្រីក្រោមឱវាទជិត១ពាន់នាក់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានលើកឡើងថា កេរ្តិ៍ឈ្មោះ និងកិត្តិយស មិនបាច់ផ្សាយតាមទូរទស្សន៍ក៏ល្បីដែរ ឲ្យតែដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋមានប្រសិទ្ធភាព។
ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តាំដល់មន្ត្រីទាំងអស់ ត្រូវតែដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងយុត្តិធម៌បំផុត ហើយត្រូវតែប្រកាន់ខ្ជាប់ឧត្តមគតិ ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋឲ្យបានចប់សព្វគ្រប់ ពោលមិនត្រូវបណ្តោយឲ្យប្រជាពលរដ្ឋបន្តរងទុក្ខលើបញ្ហាដីធ្លីទៀតនោះទេ។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអះអាងប្រាប់មន្ត្រីរបស់ខ្លួនថា ឲ្យតែប្រឹងប្រែងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ នឹងទទួលបានកេរ្តិ៍ឈ្មោះ និងកិត្តិយស មិនចាំបាច់ផ្សាយនៅតាមទូរទស្សន៍ទេ។
លោក ជា សុផារ៉ា បានបញ្ជាក់ដូច្នេះ «បំណងប្រាថ្នា និងការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋ នៅក្នុងការដោះស្រាយវិវាទនេះ សូមឲ្យលោក-លោកស្រី មេត្តាគិតថា រូបគាត់ដែលមានបញ្ហា សូមឲ្យយើងនេះ បានឆ្លើយតបជាមួយប្រជាពលរដ្ឋទាន់ពេលវេលា នូវអ្វីដែលប្រជាពលរដ្ឋរបស់យើងចង់បាន។ នេះគឺជាបំណងប្រាថ្នារបស់យើង នេះជាសមត្ថភាព នេះជាកិត្តិយសរបស់យើង បើដោះស្រាយវិវាទនេះជូនពួកគាត់បាន គឺគាត់សប្បាយចិត្តណាស់»។
លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ថា ការដោះស្រាយវិវាទដីធ្លីក្នុងយន្តការគណៈកម្មការសុរិយោដី ទទួលពាក្យបណ្តឹងចំនួន ៥១៣ករណី (ទទួលពីគណៈកម្មការដ្ឋបាលចំនួន ៤៦១ករណី)។ ដោះស្រាយបពា្ចប់ចំនួន ២៦៣ករណី មាន ១,៤៤៧គ្រួសារ ស្មើនឹងផ្ទៃដីទំហំ ២២៨,៩ហិកតា ច្រានចោលពាក្យបណ្តឹងបន្ទាប់ពីស៊ើបអង្កេត បន្ទាប់ពីរកឃើញថាខុសសមត្ថកិច្ចចំនួន ១៤០ករណី និងសុំដកពាក្យបណ្តឹងចំនួន ៣៨ករណី៕