(ភ្នំពេញ)៖ ករណីតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់គប់ស្រាបៀរលើខ្លួន ហើយក៏បណ្តាលឲ្យមានមតិរិះគន់ ផ្អើលតាមបណ្តាញសង្គម Facebook ទៀតផងនោះ នៅពេលនេះសមត្ថកិច្ច កំពុងស្រាវជ្រាវរកមុខជនបង្កហើយ។
កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ជះស្រាបៀរដាក់នាង នៅចំណុចភោជនីយដ្ឋាន «សមុទ្រ» នៅតាមបណ្ដោយផ្លូវ១១៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍អធិការដ្ឋានខណ្ឌទួលគោក ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែធ្នូនេះ បានឲ្យដឹងថា ករណីហិង្សានេះជនរងគ្រោះឈ្មោះ ទេព បូព្រឹក្ស ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិល្បករ (តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស) ស្នាក់នៅផ្ទះលេខ១២៥ ផ្លូវលេខM01 សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនបង្កពុំស្គាល់អត្តសញ្ញាណទេ តែមានភេទប្រុស អាយុប្រហែល៣១ឆ្នាំ ជនជាតិខ្មែរ មានភិនភាគសម្បុរសណ្ដែកបាយ ពាក់អាវសដៃវែង ពាក់អាវក្នុងខោ។ ក្រោយគប់ និងបាចទឹកស្រាបៀរទៅលើជនរងគ្រោះរួចគេចខ្លួនបាត់។ នេះបើយោងតាម របាយការណ៍ដដែល បានឲ្យដឹងបន្ថែម។
យោងតាមរបាយការណ៍ បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុនស្រាបៀរ Hite ដោយមានលោក គា វី អាយុប្រហែល២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាប្រធានផ្នែកទីផ្សារ បានទំនាក់ទំនងមកជនរងគ្រោះឈ្មោះ ទេព បូព្រឹក្ស ជួលក្នុងតម្លៃ៩០០ដុល្លារអាមេរិក។ នាងត្រូវបានជួលឲ្យច្រៀងក្នុង១ម៉ោង ចំនួន៦បទ (ចាប់ពីម៉ោង១០៖០០នាទីយប់ ដល់ម៉ោង១១៖០០នាទីយប់ ចប់កម្មពិធី) ក្នុងកម្មពិធីប្រម៉ូសិន និងបញ្ចុះតម្លៃ 4+1 និងមានការចាប់រង្វាន់ របស់ស្រាបៀរ Hite នៅភោជនីយដ្ឋាន «សមុទ្រ» ដែលមានទីតាំងផ្ទះលេខ៧២ ផ្លូវ លេខ១១៨ ក្រុមទី៥០ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលត្រូវរៀបចំឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងហាងសមុទ្រ។
លុះមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២២៖០៥នាទីយប់ ជនរងគ្រោះឈ្មោះ ទេព បូព្រឹក្ស បានមកចូលដល់ភោជនីយដ្ឋាន «សមុទ្រ» រួចហើយក៏ឡើងច្រៀង។ ក្នុងពេលដែលជនរងគ្រោះកំពុងឡើងច្រៀង នៅលើឆាកប្រគំតន្ត្រី ស្រាប់តែមានជនសង្ស័យ ពុំស្គាល់អត្តសញ្ញាណ បានដើរចេញពីតុលេខ៣៦ ដោយដៃមានកាន់កំប៉ុងស្រាបៀរ Hite យកមកគប់ទៅលើជនរងគ្រោះកំពុងតែច្រៀង បណ្ដាលឲ្យជនរងគ្រោះស្រែកឡូឡា និងថតបង្ហោះតាមបណ្ដាញសង្គម Facebook។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យខាងលើក៏គេចខ្លួនបាត់ទៅ។
លុះមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១០៖០០នាទីព្រឹក ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ តែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវបន្ត។ នេះបើយោងតាមរបាយការណ៍ របស់អធិការដ្ឋានខណ្ឌទួលគោក។
សូមជំរាបថា តារាចម្រៀង ទេព បូព្រឹក្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានសម្រេចដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ករណីបុរសម្នាក់ ដែលជះស្រាបៀរលើនាង ខណៈនាងកំពុងច្រៀង កាលពីយប់ថ្ងៃទី២៥ ខែធ្នូ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានដាក់ពាក្យបណ្តឹងហើយនោះ, កញ្ញា ទេព បូព្រឹក្ស បានឲ្យដឹងថា នាងបានដាក់ពាក្យបណ្តឹងទៅលើបុគ្គល៤រូបរួមមាន៖ បុរសដែលបានជះស្រាបៀរមកខ្លួន, ម្ចាស់ហាង «សមុទ្រ», អ្នករៀបចំកម្មវិធី និងស្ត្រីដែលអះអាងថា ជាម្តាយរបស់ជនបង្ក ដែលបានទះកំផ្លៀង មកលើអ្នករាំរបស់ខ្លួនចំនួន៣កំផ្លៀងពេញទំហឹង និងទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក។
សំណងជំងឺចិត្ត១០ម៉ឺនដុល្លារអាមេរិកនេះ នឹងត្រូវយកទៅបរិច្ចាគឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រាជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមពីកញ្ញា ទេព បូព្រឹក្ស ក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន៕