(ភ្នំពេញ)៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតថី្មចិនប្រចាំកម្ពុជា បានប្រាប់ទៅ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឲ្យដឹងថា ចិនប្តេជ្ញាចិត្តខិតខំឲ្យអស់សមត្ថភាព ដើម្បីលើកកម្ពស់ចំណងសាមគី្គភាពជាភាតរៈ រវាងកម្ពុជា-ចិន ឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតថី្មចិនប្រចាំកម្ពុជា បានធ្វើឡើងក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃនេះ, បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកឯកអគ្គរដ្ឋទូតចិន បានប្តេជ្ញាចិត្តខិតខំអស់សមត្ថភាព ដើម្បីលើកកម្ពស់ចំណងសាមគី្គភាពជាភាតរៈ និងជំរុញកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងចិន ឲ្យកាន់តែខ្លាំងក្លា ស្របតាមបំណងប្រាថ្នា របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ និងបន្តគាំទ្រការអភិវឌ្ឍន៍ ប្រទេសកម្ពុជាលើគ្រប់វិស័យ»។
សេចក្តីប្រកាសព័ត៌មានយោងតាម បានឲ្យដឹងបន្តថា ឧបនាយករដ្ឋមន្រី្ត ប្រាក់ សុខុន បានកោតសរសើរ ដល់ស្ថានទូតចិននៅកម្ពុជា ដែលបានខិតខំរួមចំណែកយ៉ាងសកម្ម ដល់កិច្ចសហប្រតិបតិ្តការជិតស្និទ្ធ ប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិនដូចសព្វថ្ងៃ នាំឲ្យប្រទេសចិន ឈរនៅលំដាប់ថ្នាក់ទីមួយ ក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ និងបណ្តាក់ទុននៅកម្ពុជា មានទេសចរមកកម្ពុជាច្រើនជាងគេ ហើយក៏ជាដៃគូពាណិជ្ជកម្មដ៏ធំ របស់កម្ពុជាផងដែរ។
លោកឧបនាយករដ្ឋមន្រី្ត ក៏បានសម្តែងការជឿជាក់ លើបទពិសោធន៍ខ្ពស់ របស់លោកឯកអគ្គរដ្ឋទូតចិន ក្នុងកិច្ចសហការដោះស្រាយរាល់បញ្ហាប្រឈម ដើម្បីបន្តធ្វើឲ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែរីកចម្រើន និងកាន់តែរឹងមាំថែមទៀត ហើយបានជូនពរ ឲ្យលោកឯកអគ្គរដ្ឋទូតចិន ឲ្យទទួលបានជោគជ័យ ក្នុងបេសកកម្មនៅប្រទេសកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណ ដល់លោកឧបនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យលោក ចូលជួបសម្តែងការគួសម និងបានបញ្ជាក់ជាថី្ម អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ រដ្ឋាភិបាលចិន ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍតាមមាគ៌ាត្រឹមត្រូវ មានកិត្យានុភាពកាន់តែខ្ពស់ និងតួនាទីកាន់តែសំខាន់ លើវេទិកាអន្តរជាតិផងដែរ៕