(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានប្រារព្វពិធីត្រួតពិនិត្យចំនួនទ័ព ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម។
នៅក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ បានថ្លែងទៅកាន់ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ឱ្យមានស្មារតីខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីបំរើជាតិមាតុភូមិយើងឱ្យអស់ពីកម្លាំងកាយចិត្ត និងបន្តអនុវត្តយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបានអំពាវនាវឱ្យ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់អញ្ជើញចូលរួមអបអរសាទរ ក្នុងពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះឱ្យបានច្រើនកុះករ។
លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ព្រមទាំងបានកោតសសើរចំពោះគណកម្មការរៀបចំកម្មវិធី ការលើកកម្ពស់ការសិក្សារៀនសូត្រ ការយកចិត្តទុកដាក់ចំពោះការងារ និងការគោរពវិន័យជាយុទ្ធសាស្រ្តត្រូវបានអនុវត្តន៍យ៉ាងហ្មតចត់។
ជាទីបញ្ចប់ នៃសុន្ទរកថា ក្នុងការត្រួតពល នាយឧត្តមសេនីយ៍បណ្ឌិត ក៏បានជូនពរដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃអជ្ញាធរជាតិទប់ស្កាត់អាវុធគីមី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩ ខាងមុខនេះ សូមឱ្យជួបតែសំណាងល្អ កម្លាំងមាំមួន និងពុទ្ធពរទាំងបួនប្រការ ព្រមទាំងបានអញ្ជើញនាយទាហាន នាយទានហានរង និងពលទាហានទាំងអស់ ពិសារអាហារសាមគ្គី ដើម្បីបង្កើនសម្ព័ន្ធភាព សហការការងារឱ្យមានប្រសិទ្ធភាពជារៀងរហូត៕