(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា យោងតាមទស្សនាវដ្ដី Rough Guides គឺជាស្ថាប័នបោះពុម្ពផ្សាយ នៅឆ្នាំ២០១៦ អំពីការធ្វើដំណើរទេសចរណ៍ ដ៏ឈានមុខគេមួយ នៅក្នុងក្នុងពិភពលោកបានបញ្ជាក់ថា៖ «ប្រទេសកម្ពុជាជាប្រទេស ដែលមានប្រជាជនរួសរាយរាក់ទាក់បំផុតទី១ ក្នុងចំណោមប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ជាងគេទាំង១០ក្នុងពិភពលោក»។
លោករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់ជ័យលាភី បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី១ ឆ្នាំ២០១៨ អមជាមួយប្រកាសដាក់ឱ្យអនុវត្តកម្មវិធីទូរស័ព្ទ (Mobile App) ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ និងច្រកទ្វារអន្តរជាតិ និងប្រកាសការប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អក្នុងវិស័យ ទេសចរណ៍» លើកទី២ ឆ្នាំ២០១៩។
លោក ថោង ខុន បានពន្យល់ថា ប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ជាងគេទាំង១០ក្នុងពិភពលោករួមមាន៖ ព្រះរាជាណាចក្រកម្ពុជាលេខ១, ប្រទេសហ្វីលីពីនលេខ២, ប្រទេសឡាវលេខ៣, ប្រទេសនេប៉ាល់លេខ៤, ប្រទេសថៃលេខ៥, ប្រទេសមីយ៉ាន់ម៉ាលេខ៦, ប្រទេសឥណ្ឌូណេស៊ីលេខ៧, ប្រទេសហ្វីជីលេខ៨, ប្រទេសស្កុតឡេនលេខ៩ និងប្រទេសស្រីលង្ការលេខ១០)។ ជាមួយគ្នានេះ ក្នុងទស្សនាវដ្ដីដដែលនេះក៏បានបញ្ជាក់ទៀតថា៖ «ប្រជាជនកម្ពុជាឆ្លងការលំបាកយ៉ាងច្រើន ប៉ុន្ដែពួកគេនៅតែបង្ហាញស្នាមញញឹមដ៏កក់ក្ដៅជូនទេសចរ»។
លោករដ្ឋមន្ត្រីស្នើឱ្យបន្ដរួមគ្នា ក្នុងការបំផុសឱ្យចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យក្លាយជារបៀបវារៈជាតិ សំដៅបង្កើនការទាក់ទាញមនោអារម្មណ៍នៃការចង់ចាំអនុស្សាវរីយ៍ដ៏ល្អរបស់ភ្ញៀវទេសចរ (Repeat Tourist) ដែលធ្លាប់មកកម្សាន្ដនៅកម្ពុជាឱ្យត្រឡប់មកសារជាថ្មី និងក៏ដូចជាចលករមួយយ៉ាងសំខាន់ បង្កើនឧត្តមភាពប្រគួតប្រជែង (Comparative Advantages) នៃវិស័យទេសចរណ៍កម្ពុជា៕