(ភ្នំពេញ)៖ សម្រាប់ប្អូនៗដែលកំពុងស្វែងរកការងារធ្វើ កុំភ្លេចមកចូលរួមក្នុងកម្មវិធីវេទិកាការងារនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងផ្តល់ឱកាសការងារជិត ២ពាន់កន្លែង ដែលកំពុងរង់ចាំអ្នកពីក្រុមហ៊ុនដ៏ល្បីចំនួន១០ ដែលវេទិការការងារប្រចាំខែធ្នូនេះ រៀបចំធ្វើឡើងនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ស្ថិតក្នុងបរិវេណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង០៨៖០០នាទីព្រឹក ដល់ម៉ោង០៥៖០០នាទីល្ងាច។
លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា «ការរៀបចំវេទិការការងារ គឺជាផ្នែកមួយដល់សំខាន់ ក្នុងការស្វែងរកការងារជូនសិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដែលមានប្រសិទ្ធភាពជាងគេបំផុត ព្រោះកម្មវិធីនេះ អ្នកចូលរួមមានសិទ្ធ ក្នុងការជ្រើសរើសក្រុមហ៊ុន និងការងារដែលគេពេញចិត្ត ហើយអាចដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយមន្ត្រី ធនធានមនុស្សមកពីបណ្តាក្រុមហ៊ុនថែមទៀតផង»។
លោក អាំង ភារៈ បានអំពាវនាវដល់ក្រុមហ៊ុនដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកអាចចូលរួមសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីធ្វើការជ្រើសរើសបុគ្គលិកដោយផ្ទាល់ជារៀងរាល់ខែ។
សម្រាប់សិស្សនិស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើកុំភ្លេចត្រៀម CV ដើម្បីចូលរួមដាក់ពាក្យផ្ទាល់សម្ភាសផ្ទាល់ជាមួយអ្នកតំណាង មកពីបណ្តាលក្រុមហ៊ុនចំនួន១០រួមមាន៖ ក្រុមហ៊ុន metfone, Park Café, Smart, CFOCN, LBN GROUP CO.LTD., THF&B(Food and Beverage), HGB Group, KONG NUON GROUP(KN), ម៉ាស្ទ័រ ស៊ុគីស៊ុប, ABA BANK, និងដឹងលទ្ធផលភ្លាមនៅនឹងកន្លែងតែម្តងសម្រាប់ថ្ងែស្អែកនេះ។
ហេតុនេះ សិស្ស និងនិស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្មអាចទទួលបានសេវាផ្តល់ ជូនដោយរាជរដ្ឋាភិបាល ដោយមិនគិតកម្រៃ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួលផងដែរ៕