(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ ក្នុងចំណោមគ្រឹះស្ថានធនាគារធំៗទាំង៥ នៅកម្ពុជានៅតែបន្តចូលរួម និងគាំទ្រវិស័យអប់រំ តាមរយៈគម្រោងបណ្ណាល័យរបស់ខ្លួន ដោយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានប្រកាសដាក់ឲ្យដេញថ្លៃគម្រោងសាងសង់បណ្ណាល័យប្រាសាក់។
គម្រោងសាងសង់អគារបណ្ណាល័យប្រាសាក់នេះ បានចូលរួមរួមចំណែកក្នុងការអភិវឌ្ឍកិច្ចការអំណាននេះ បានលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យមានទម្លាប់ក្នុងការអានសៀវភៅ និងក្រេបយកចំណេះដឹងថ្មីៗនិងល្អៗ ដែលជាវិថីឆ្ពោះទៅកាន់ភាពជោគជ័យនាពេលអនាគត។
សូមជម្រាបថា រហូតមកដល់ពេលនេះមូលនិធិប្រាសាក់ ត្រូវបានប្រើប្រាស់សម្រាប់អគារបណ្ណាល័យចំនួន៣០រួចមកហើយ ដែលចំណាយសម្រាប់ការងារសំណង់អគារ សម្ភារនិងបរិក្ខារបណ្ណាល័យ និងបណ្តុះបណ្តាលបណ្ណារក្ស និងការគាំទ្រគម្រោងរយៈពេល៣ឆ្នាំផងដែរ។ បណ្ណាល័យដ៏ស្រស់ស្អាតទាំងនោះស្ថិតនៅក្នុងខេត្តព្រះវិហារ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ និងបាត់ដំបង។
បច្ចុប្បន្ននេះប្រាសាក់ កំពុងបន្តពង្រីកគម្រោងបណ្ណាល័យរបស់ខ្លួន ទៅខេត្តស្វាយរៀង និងបន្ទាយមានជ័យផងដែរ។ អគារបណ្ណាល័យប្រាសាក់ចំនួន៤បន្ថែមទៀតនេះស្ថិតនៅ សាលាបឋមសិក្សាសំរោង ភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង, សាលាបឋមសិក្សាបន្ទាយនាង ភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ, សាលាបឋមសិក្សាសំរោង ភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងទី៤ វិទ្យាល័យកំពង់ស្ពឺ ភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រុមហ៊ុនសំណង់ អ្នកម៉ៅការសំណង់ ឬជាងសំណង់នៅតាមសហគមន៍ ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទទួលយកប្លង់សាងសង់ រចនាបថសំណង់ និងបញ្ជូនសំណុំឯកសារដេញថ្លៃ របស់ខ្លួនដាក់ក្នុងស្រោមសំបុត្របិទជិត មកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលនៅជិតបំផុតនៅរៀងរាល់ម៉ោងធ្វើការ។
សូមទំនាក់ទំនងព័ត៌មានពីការដាក់ឯកសារដេញថ្លៃតាម៖ [email protected] ឬ 081 800 904 ឬ 012 96 93 88៕