(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមការងារ បានឆ្លៀតឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋមូលដ្ឋាន ជួបការលំបាកចំនួន១៦គ្រួសារ ក្នុងនោះមាន១៥គ្រួសារ ជាចាស់ជរាទុរគត និងពលរដ្ឋទីទាល់ក្រជួបការលំបាក។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែជួយឧបត្ថម្ភជីវភាពមានអង្ករគ្រប់តាមតម្រូវការ និងថវិកា១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល ក្នុងមួយគ្រួសារ តាមស្ថានភាពជាក់ស្តែង ជារៀងរាល់ខែរហូតមក និងមួយគ្រួសារទៀត គឺលោកស្រី សាន់ សៀម ជាប្រធានភូមិព្រែករទាំង ដែលរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលធ្វើដំណើរបំពេញការងារ បណ្តាលឲ្យភ្លាត់សន្លាក់ឆ្អឹងស្មា និងបាក់ឆ្អឹងដៃ លោកបាននាំយកថវិកា៥០ម៉ឺនរៀល ទឹកសុទ្ធ០២កែស មី០២កែស ទឹកក្រូច០១កែស ជូនជាអំណោយសួរសុខទុក្ខ និងធានាចេញថ្លៃ ព្យាបាលឲ្យទាំងស្រុង។
វត្តមានរបស់លោក រ័ត្ន ស្រ៊ាង នៅក្នុងមូលដ្ឋានផ្ទាល់ បានបង្កើតនូវបរិយាកាសរំភើបត្រេកអរ រហូតមានអ្នកហូរទឹកភ្នែកចុះមក ដោយមិនដឹងខ្លួន រួមនឹងទឹកមុខសើចញញឹមញញែមប្រកបដោយការសប្បាយចិត្ត និងក្តីនឹករលឹក។
ក្នុងឱកាសនោះផងដែរ លោក រ័ត្ន ស្រ៊ាង ក៏បាននាំយកនំប៉័ង៤០០ដើម ការ៉េម៩០០ដើម សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្អូនៗសិស្សានុសិស្ស កុមារតូចៗតាមផ្ទះ ដូចទម្លាប់ដែលលោក ធ្លាប់បានធ្វើជាប់រហូតមក ដើម្បីបានចូលរួមបរិភោគជួបជុំគ្នា បង្កើតបានជាបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕