(ពោធិ៍សាត់)៖ ឆ្លើយតបទៅនឹងការបញ្ជាផ្ទាល់របស់អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀននព្វមាស ប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងជំនាញដឹកនាំដោយលោក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបសង្វៀនបញ្ជល់មានមួយកន្លែង ឃាត់ខ្លួនមនុស្សចំនួន២នាក់ ចំណែកអ្នកញៀនល្បែងទាំងនោះ បានរត់បាតជើងសព្រាត បន្សល់ទុកវត្ថុតាង និងម៉ូតូចំនួន២០គ្រឿង។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ថោង វឿន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិដូនអី សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ក្នុងកិច្ចប្រត្តិបត្តការបង្រ្កាបអ្នកល្បែងជល់សត្វមាន់ខាងលើ កម្លាំងបានឃាត់ខ្លួនម្ចាស់ផ្ទះ និងម្ចាស់សង្វៀនជល់សត្វមាន់ម្នាក់ ឈ្មោះ ថោង វឿន អាយុ៦៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ រួមទាំងវត្ថុតាង និងសម្ភារបម្រើមធ្យោបាយជល់មាន់មួយចំនួន។
លោកអធិការបន្តថា ក្នុងនោះជាក់ស្ដែង កម្លាំងឃាត់បុរសម្នាក់ផ្សេងទៀត ដោយមានវត្ថុតាងកំពុងបីសត្វមាន់គក១ក្បាលឈ្មោះ មុត កំសត់ អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិតាសាក់ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួមទាំងម៉ូតូចំនួន២០គ្រឿង ចំពោះម្ចាស់បានរត់គេចចោលបាតជើងសព្រាត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង(មាន់) និងសម្ភារផ្សេងៗ មានម៉ូតូចំនួន២០គ្រឿង បានបញ្ជូនមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕