(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីការជួយទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់មហាមិត្តចិនបាននោះឡើយ។
សម្តេចប្រធានព្រឹទ្ធសភា បានលើកឡើងបែបនេះក្នុងពេលសម្តេចអនុញ្ញាឲ្យលោក Wang Wentian ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ។ ក្នុងជំនួបនេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះលោក Wang Wentian ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ សម្តេច សាយ ឈុំ មានជំនឿជឿជាក់ថា តាមរយៈបេសកកម្មការទូតលោក Wang Wentian នឹងរួមចំណែកក្នុងការពង្រឹង ពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។
លោក Wang Wentian បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាដៃគូរល្អ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន នៅតែបន្តការគាំទ្រចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីពង្រឹងឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួន និងជ្រើសរើសមាគ៌ាអភិវឌ្ឍប្រទេស សមស្របតាមសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ឥតឈប់ឈរ រហូតឈានដល់កម្រិតកំពូលនាពេលបច្ចុប្បន្ននេះ គឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះសម្តេចក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមវិភាគទានយ៉ាងធំធេងក្នុងការកសាង និងអភិវឌ្ឍន៍របស់កម្ពុជា ឲ្យមានការរីកចម្រើនដូចបច្ចុប្បន្ននេះ។
«ការរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសាធារណរដ្ឋប្រជាមានិតចិនបានឡើយ។ ការជួយឧបត្ថម្ភគាំទ្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ មិនគ្រាន់តែនាំមកនូវការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានជួយដល់ការពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទៀតផងដែរ។ កម្ពុជា និងចិន គឺជាអ្នកជិតខាងល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាដៃគូល្អ»។ នេះជាការបញ្ជាក់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ។
សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ដែរថា រកម្ពុជានឹងបន្តអនុវត្តគោលនយោបាយការបរទេសទន់ភ្លន់ សុភាពរាបសារ ដើម្បីបម្រើផលប្រយោជន៍ប្រជាជនកម្ពុជាលើមូលដ្ឋាននៃការថែរក្សាឯករាជ្យ អធិបតេយ្យភាព និងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចីរភាព។
តាមរយៈឯកអគ្គរដ្ឋទូតចិន សម្តេចប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសភាប្រឹក្សានយោបាយប្រជាជនចិន និងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយដល់ព្រឹទ្ធសភាកម្ពុជាតាំងពីនីតិកាលទី១ រហូតមកទល់បច្ចុប្បន្ននេះ ជាឧបករណ៍ សម្ភារៈការិយាល័យ រថយន្ត អគារធ្វើការរបស់ថ្នាក់ដឹកនាំ របស់សមាជិកព្រឹទ្ធសភា មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជួយកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណព្រឹទ្ធសភា និងជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងស្ថាប័ន និងការលើកកម្ពស់សមត្ថភាពមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
សម្តេច សាយ ឈុំ បានថ្លែងថា ជំនួយទាំងអស់នោះ បានរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការពង្រឹងស្ថាប័ន និងលើកម្ពស់សមត្ថភាពការងារមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ព្រឹទ្ធសភាកម្ពុជា បានប្រើប្រាស់ជំនួយទាំងអស់នោះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតចិន និងស្ថានទូតចិនមុនៗ ដែលតែងតែជួយសម្របសម្រួល ធ្វើឲ្យទំនាក់ទំនងល្អប្រសើររវាងព្រឹទ្ធសភាកម្ពុជាជាមួយនឹងសភាប្រឹក្សានយោបាយប្រជាជនចិន។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានត្រៀមខ្លួនជាស្រេចដើម្បីសហប្រតិបត្តិការល្អជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត៕