(ព្រះសីហនុ)៖ មន្រ្តីអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់មកអង្គភាព Fresh News នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ជនរងគ្រោះ៣នាក់បានស្លាប់ និងរងរបួស១០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េម៉ាកស្តារិចពណ៌ស ស្លាកលេខភ្នំពេញ 2AW-0985 ក្នុងទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ រេចង្កូតក្រឡាប់ខ្លួនឯង ត្រូវបានស្គាល់អត្ដសញ្ញាណហើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើង នៅចន្លោះគីឡូម៉ែត្រ១១១-១១២ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅវេលាម៉ោង១២៖០០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។
បើយោងតាមរបាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់៣នាក់ និងរងរបួស១០នាក់នោះ រួមមាន៖
១៖ ឈ្មោះ ធឿន ធន ភេទប្រុស អាយុ៤០ឆ្នាំ (អ្នកបើកបរ) របួសធ្ងន់ មានទីលំនៅខេត្តកំពង់ស្ពឺ
២៖ ឈ្មោះ សែម វីរៈ ភេទប្រុស អាយុ៣៤ឆ្នាំ របួសធ្ងន់ មានទីលំនៅខេត្តបាត់ដំបង
៣៖ ឈ្មោះ សុខ ឡាយ ភេទប្រុស អាយុ៥០ឆ្នាំ របួសធ្ងន់ មានទីលំនៅភ្នំពេញ
៤៖ ឈ្មោះ គឹម សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ របួសធ្ងន់ មានទីលំនៅខេត្តកំពង់ស្ពឺ
៥៖ ឈ្មោះ ឃឹម វន ភេទប្រុស អាយុ៣៩ឆ្នាំ របួសធ្ងន់ មានទីលំនៅខេត្តកំពង់ស្ពឺ
៦៖ ឈ្មោះ សយ ប៉ុនថន ភេទប្រុស អាយុ៣៤ឆ្នាំ របួសធ្ងន់ មានទីលំនៅកំពង់ស្ពឺ
៧៖ ឈ្មោះ ឡាយ ភេទប្រុស អាយុ២៩ឆ្នាំ របួសធ្ងន់ មានទីលំនៅខេត្តកំពង់ធំ
៨៖ ឈ្មោះ ទក ភេទប្រុស អាយុ២១ឆ្នាំ របួសធ្ងន់ មានទីលំនៅខេត្តកំពង់ស្ពឺ
៩៖ ឈ្មោះ ចេវ សីហា ភេទប្រុស អាយុ២៣ឆ្នាំ របួសធ្ងន់ មានទីលំនៅខេត្តតាកែវ
១០៖ ឈ្មោះ ឆេង ខន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅខេត្តតាកែវ (ស្លាប់នៅនឹងកន្លែង)
១១៖ ឈ្មោះ ស្រី នាង អាយុ២២ឆ្នាំ មានទីលំនៅខេត្តកំពង់ស្ពឺ (ស្លាប់នៅនឹងកន្លែង)
១២៖ ឈ្មោះ ធន លក្ខិណា ភេទស្រី អាយុ៤ឆ្នាំ (ស្លាប់នៅនឹងកន្លែង)។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រែអំបិល ដើម្បីជួយសង្រ្គោះ។ ចំពោះរថយន្ត ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕`