(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍លើកឡើង នៅសល់៣ថ្ងៃទៀតប៉ុណ្ណោះ វិមាននយោបាយ «ឈ្នះ-ឈ្នះ» នឹងត្រូវសម្ពោធ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍២០ឆ្នាំ នៃទិវានយោបាយឈ្នះ-ឈ្នះ របស់សម្តេចដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ជាលើកដំបូងនៅកម្ពុជា។
ការមានប្រសាសន៍លើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ប្រមាណ ១៥,៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ សម្តេចតេជោ បានប្រកាសថ្លែងយ៉ាងដូច្នេះថា៖ «នៅតែ៣ថ្ងៃទៀតទេវិមានឈ្នះ-ឈ្នះ ដែលជានិមិត្តរូបនៃការបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះ-ឈ្នះ នឹងធ្វើពិធីសម្ពោធដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មានទេ»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការសម្ពោធវិមាននេះ ដើម្បីរំលឹកទៅដល់ការបញ្ចប់សង្គ្រាមនាំមកនូវការបង្រួបបង្រួមជាតិ និងការឯកភាពជាតិជាលើកដំបូង នៅក្នុងប្រវិត្តសាស្ត្រដ៏យូរលង់ និងឈឺចាប់របស់កម្ពុជា ប្រមាណ ៥០០ឆ្នាំចុងក្រោយ។ ទម្រាំមានសន្តិភាពរហូតមកដល់ពេលនេះ ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ប្រឹងប្រែងប៉ុណ្ណាទៅដើម្បីងើបឈរឡើង ក្នុងស្ថានភាពដល់លំបាកនេះ និងបានរើបម្រាស់ចេញ ពីរបបប្រល័យពូជសាសន៍ «ប៉ុល ពត» និងដៃម្ខាងតស៊ូទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតកសាងជីវភាពគ្រួសារឡើងវិញ។
ជាមួយគ្នាសម្តេចតេជោ ក៏បានមានប្រសាសន៍រំលឹកផងដែរថា ទម្រាំមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យបែបនេះ គឺសម្តេច ព្រមទាំងជីដូនជីតា ឪពុក ម្តាយ របស់ក្មួយៗទាំងអស់គ្នា បានលះបង់គ្រប់បែបយ៉ាងដែលមានរយៈពេលជាង៤០ឆ្នាំមកហើយ រហូតមកបច្ចុប្បន្ននេះ ហើយនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងគម្រប់ខួប៤០ឆ្នាំផងដែរ។
នាយករដ្ឋមន្ត្រីនៃកម្ពុជារូបនេះ បានបញ្ជាក់ថា ប្រសិនបើគ្មានការគាំទ្រពីជីដូនជីតា ឪពុកម្តាយ របស់ក្មួយៗ ពិតជាមិនមានលទ្ធផលដូចថ្ងៃនេះនោះទេ មានត្រឹមតែ «ហ៊ុន សែន» តែម្នាក់មិនអាចបង្រួបបង្រួម និងរំដោះប្រទេសជាតិបាននោះទេ គឺមានការចូលរួមយ៉ាងសកម្ម ពីប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស និងគ្មានលទ្ធភាពទប់ស្កាត់ការវិលត្រឡប់នៃរបប «ប៉ុល ពត» នោះទេ។ ដូច្នេះការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតគាំទ្រដល់សមិទ្ធិផលរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។
ដើម្បីអបអរសាទរសំណង់ជាប្រវត្តិសាស្ត្រ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង សម្តេចតេជោ ហ៊ុន សែន បានរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដោយបើកឱ្យសាធារណជនទូទៅចូលទស្សនា ដោយសេរីផងដែរ៕