(ភ្នំពេញ)៖ ប៊ែលធី គ្រុប បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០១៩ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន២,២៤៣នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងលោកស្រី។
លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប បានថ្លែងថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ អ្នកគ្រូបម្រើការ ២,២៤៣នាក់ មានសិស្ស និស្សិតកំពុងសិក្សា ៤២,៤៩៣នាក់ និងមាន២៤ទីតាំង ក្នុងនោះ២២ទីតាំងជាសាលា (១៩ទីតាំងកំពុងដំណើរការ, ៣ទីតាំងកំពុងសាងសង់ និង២ទីតាំងជាសាកលវិទ្យាល័យ)។
លោកបានបន្ថែមថា ប៊ែលធី គ្រុប មានបម្រើសេវាកម្ម០៣ធំៗដូចជា៖ ប៊ែលធីសំណង់, ប៊ែលធីទេសចរណ៍ និងប៊ែលធីអប់រំ ហើយក្នុងឆ្នាំ២០១៨នេះ ប៊ែលធី សម្រេចបាននូវសមិទ្ធផលជាច្រើន។ ក្នុងនោះ ប៊ែលធីសំណង់ បានសាងសង់អគារប៊ែលធីទី១៩ និងកំពុងសាងសង់អគារប៊ែលធីទី២០ ទី២១ និងទី២២។ ប៊ែលធីទេសចរណ៍ បានទទួលភ្ញៀវទេសចរ ៧,៧៨៩នាក់ ក្នុងនោះ ក្នុងប្រទេស ៧,១២៦នាក់ និងក្រៅប្រទេស៦៦៣នាក់ ព្រមទាំងមានរថយន្តទំនើបៗ ០៨គ្រឿងសម្រាប់ដឹកភ្ញៀវផងដែរ។
សូមជម្រាបថា សាលាប៊ែលធី អន្តរជាតិ សិស្សបញ្ចប់ការសិក្សា ២២,០៥៥នាក់ ក្នុងនោះបានចែកចេញជា សិស្សចំណេះទូទៅ (ថ្នាក់ទី១២) ចំនួន៩,៧៥១នាក់ ជាប់៨.៣១២នាក់ ស្មើ៨៥,២៤% និងនិទ្ទេស A ចំនួន៩៤នាក់, សិស្សភាសាអង់គ្លេសកម្រិតទី១២ (Level12) ចំនួន៦,១៥១នាក់, សិស្សវគ្គខ្លីកុំព្យូទ័រ ចំនួន៨,៤២៧នាក់ និងសិស្សប្រឡងតេស្តអន្តរជាតិ ចំនួន៧២៧នាក់។
សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបានជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេសជាប់ៗគ្នារយៈពេល០៤ឆ្នាំចុងក្រោយនេះ ឆ្នាំ២០១៨នេះ សិស្ស ប៉េង គឹមហេង ប្រឡងជាប់ និទ្ទេស A លេខ២ ទូទាំងប្រទេស លំដាប់ពិន្ទុ៩៩.៩៩៩, ឆ្នាំ២០១៧ សិស្ស ស គីមស៊ា ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ១០០.០០០, ឆ្នាំ២០១៦ សិស្ស កាំង ស៊ីញលី ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ១០០.០០០, ឆ្នាំ២០១៥ សិស្ស សេង ហ្គេចលី ប្រឡងជាប់ និទ្ទេស A លេខ២ ទូទាំងប្រទេស លំដាប់ពិន្ទុ ៩៩.៩៩៩ និងសិស្សពូកែថ្នាក់ទី៩ និងទី១២ មាន៦៦នាក់ ក្នុងនោះ ទូទាំងប្រទេស២២នាក់ និងទូទាំងរាជធានី៤៤នាក់។
ដោយឡែក សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និស្សិតបញ្ចប់ការសិក្សា១,៦៩៣នាក់ ក្នុងនោះ ថ្នាក់គរុកោសល្យ៣៧១នាក់, ថ្នាក់បរិញ្ញាបត្រ ១,១៤៧នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៧៥នាក់។ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូនសិស្ស និស្សិតទៅក្រៅប្រទេស ចំនួន៨៥២នាក់ ក្នុងនោះ សិស្ស និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ១០៤នាក់ សិស្ស និស្សិតបង់ថ្លៃ៤១នាក់ និងសិស្ស និស្សិត ធ្វើទស្សនកិច្ចសិក្សា៧០៧នាក់៕