(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំពិធីបានប្រកាសតែងតាំងមុខតំណែងអភិបាលរងខណ្ឌម្នាក់ គឺលោក ជា វីរៈ មកពីសាលារាជធានីភ្នំពេញ ជំនួសលោក ទូច សាលីន ត្រូវទៅកាន់មុខតំណែងថ្មីនៅក្រសួងកសិកម្មវិញ។
ពិធីប្រកាសកាន់មុខតំណែងជាអភិបាលរងខណ្ឌ១រូបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក សុខ សម្បត្ដិ អភិបាលខណ្ឌព្រែកព្នៅ។
សូមបញ្ជាក់ថា មុខតំណែងជាអភិបាលរងខណ្ឌព្រែកព្នៅ មានចំនួន៤រូប ក្នុងនោះបេក្ខភាពនារី១រូប មកពីស្ថាប័នសាលារាជធានីភ្នំពេញផងដែរ។ ខណ្ឌព្រែកព្នៅ ជាខណ្ឌដែលទើបបំបែកចេញពី ខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខមួយផ្នែកមានផ្ទៃដី ជាង១៥៦ ៤០ហិកតា។ វិសាលភាពមុខរបបប្រជាពលរដ្ឋធ្វើកសិកម្ម នេសាទ សំណង់ ធ្វើការងាររោងចក្រ និងធ្វើសិបកម្មខ្នាតតូច លក្ខណៈគ្រួសារ។
លោក ជា វីរៈ បានថ្លែងថា ជាមួយនឹងមុខតំណែងថ្មីនេះ និងដើម្បីឆ្លើយតបទៅនឹងគុណូបការៈ ដ៏ថ្លែថ្លារបស់សម្តេចក្រឡាហោម និងអភិបាល នៃគណៈអភិបាលភ្នំពេញ ដែលបានផ្តល់នូវទំនុក ចិត្តដល់រូបខ្ញុំ ខ្ញុំសូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដូចជា គោរព និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ អនុវត្តន៍តាមការចាត់តាំង និងការណែនាំរបស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេស ខិតខំឲ្យអស់ពីកម្លាំងចិត្ត ជួយដល់អភិបាលនៃគណៈអភិបាលខណ្ឌ ក្នុងការសម្របសម្រួល ជំរុញ បម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងបន្តខិតខំប្រឹងប្រែង បម្រើប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាព និងលទ្ធភាព។
ក្នុងឱកាសដែរ លោក នួន ផារ័ត្ន បានថ្លែងថា ការតែងតែង និងផ្លាស់ប្តូរតំណែងមន្រ្តីរាជការ ជាដំណើរធម្មតារបស់មន្រ្តីរាជការ ស៊ីវិល ក្នុងមុខងារសាធារណៈ។ ដូចនេះដើម្បីពង្រឹងប្រសិទ្ធភាពការងារ បន្ថែមទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ ជាពិសេសត្រូវចេះស្វែងយល់ និងបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងតួនាទីភារកិច្ចរបស់ខ្លួន៕