(បាត់ដំបង)៖ ជនសង្ស័យម្នាក់នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ត្រូវបាននគរបាលខេត្តបាត់ដំបង បញ្ជូនទៅតុលាការខេត្ត បន្ទាប់ពីជនសង្ស័យរូបនេះ បានលួចគាស់ហាងលក់ទូរស័ព្ទដៃមួយកន្លែង យកអស់ទូរស័ព្ទ២១គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា សមត្ថកិច្ចបានចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការខេត្តបាត់ដំបង បន្ទាប់ពីបានលួចគាស់ហាងលក់ទូរសព្ទ័ដៃ យកអស់២១គ្រឿង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។
លោកបន្តថា នៅថ្ងៃទី២៥ ខែធ្នូ កម្លាំងជំនាញបានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ពន្ធ័ទៅនឹង ករណីធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស ដោយគាស់ទំលុះទំលាយ ហាងលក់ទូរស័ព្ទដៃមួយកន្លែង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ចាន់ ផាន់រ៉ូត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ-សង្កាត់កន្លែងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ លឹម សុធារី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មុខរបរលក់ទូរស័ព្ទដៃ បានបាត់ទូរសព្ទ័ដៃនៅផ្ទះ។
ក្រោយការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានទូរស័ព្ទដៃចំនួន១៦គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់បន្ថែម ពីលោកឧត្តមសេនីយ៍ត្រី។
ករណីនេះ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងដើម្បីចាត់ការ តាមច្បាប់នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ រួចហើយ៕