(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ណាតាឆា ភែជឌីសុន ប្រធានស្តីទីអង្គការយូនីសេហ្វប្រចាំកម្ពុជា បានសន្យាពង្រឹងកិច្ចកម្មវិធី «សង្គហទានសង្គម សម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុពីសូន្យ ដល់ពីរឆ្នាំក្នុងគ្រួសារក្រីក្រ» បន្ថែមទៀត ដើម្បីជួយដល់ស្រ្តី និងកុមាររងគ្រោះនៅកម្ពុជា។
ការលើកឡើងនេះ បានធ្វើឡើងខណៈដែលលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឲ្យលោកស្រី ណាតាឆា ភែជឌីសុន ប្រធានស្តីទីអង្គការយូនី សេហ្វប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាគ្នាទៅលើកម្មវិធីសង្គហទានសង្គមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុពីសូន្យដល់ពីរឆ្នាំក្នុងគ្រួសារក្រីក្រ ដែលកម្មវិធីនេះ មានសារសំខាន់ ក្នុងការគាំទ្រដល់ស្រ្តីនិងកុមារ ហើយត្រូវរៀបចំយន្តការ នីតិវិធីបទដ្ឋានគតិយុត្តឲ្យបានជាក់លាក់ត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តកម្មវិធីនេះទៅ ទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
លោក វង សូត បានលើកឡើងថា ការងារនេះចាំបាច់ត្រូវមានកិច្ចសហការជាមួយគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។ ជាមួយគ្នានេះ លោកស្រី ណាតាឆា ភែជឌីសុន អង្កការយូនីសេហ្វ បានគាំទ្រ សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ដើម្បីតស៊ូមតិ សម្រាប់ការអនុវត្ត កម្មវិធីព្រមទាំងគាំទ្រដល់ការពង្រឹងសមត្ថភាព បណ្តុះបណ្តាលទៅដល់មន្រ្តី ដែលអនុវត្តកម្មវិធីនេះដើម្បីធ្វើយ៉ាងណាឲ្យអាចអនុវត្តបាននៅក្នុងខែមិថុនាឆ្នាំ២០១៩ខាងមុខ។
នៅក្នុងជំនួបនាថ្ងៃដដែលនោះ ទាំង២ភាគី ក៏បានសន្យារក្សាទំនាក់ទំនងល្អ នឹងគ្នា គ្រប់ការងារ និងសកម្មភាពទាំងអស់ ក្នុងន័យជួយដល់ស្រ្តី កុមារ និងជនរងគ្រោះ និងាយរងគ្រោះនៅកម្ពុជា។
ជាមួយគ្នានោះ លោកស្រី ណាតាឆា ភែជឌីសុន បានបង្ហាញជំហរថា នឹងនៅតែបន្តជ្រោមជ្រែងជួយដល់រាជរដ្ឋាភិបាលនៃកម្ពុជា ដែលមានក្រសួងសង្គមកិច្ច ជាដៃគូសហការដ៏សំខាន់បំផុត ដែលអាចធ្វើឲ្យការងារដំណើរការកាន់តែរលូនទៅមុខ។
គួរបញ្ជាក់ថា កម្មវិធីសង្គហទានសង្គម សម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុពីសូន្យ ដល់ពីរឆ្នាំក្នុងគ្រួសារក្រីក្រ បានបង្កើតឡើងក្នុងគោលដៅលើកកម្ពស់ស្ថានភាពសុខភាព និងអាហារូបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារដែលរស់នៅតាមគ្រួសារក្រីក្រ និងដើម្បីបង្កើនសមត្ថភាពស្រូបយកចំណេះដឹង របស់កុមារតូចឲ្យលូតលាស់ ដល់កម្រិតសក្តានុពលខ្ពស់បំផុត។
ក្រៅពីនោះ ក៏ដើម្បីអាចចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងផលិតភាពការងារនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យ អនុវត្តនូវកម្មវិធីគាំពារស្ត្រីមានផ្ទៃពោះ និងកុមារអាយុ០-២ឆ្នាំ ក្នុងគ្រួសារក្រីក្រ នៅខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដែលស្រ្តីមានផ្ទៃពោះក្នុងគ្រួសារក្រីក្រ នឹងត្រូវទទួលបានការឧបត្ថម្ភសាច់ប្រាក់ ចំនួន៧៦០,០០០រៀល ក្នុងអំឡុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ៕