(តាកែវ)៖ អគារសម្ភព និងមណ្ឌលសុខភាព១ខ្នង តម្លៃជាង៧ម៉ឺនដុល្លារ ស្ថិតនៅភូមិអន្លុងទៀត ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានរៀបចំពិធីសម្ភោធបើកឲ្យប្រើប្រាស់ ជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមវត្តមានទេសរដ្ឋមន្ត្រី មាស សុភា ទទួលបន្ទុកបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាល លើកិច្ចការមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។
លោក ទុយ សុភក្រ អភិបាលស្រុកបូរីជលសារ និងលោក នុត ស៊ីណា ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានរាយការណ៍ឲ្យដឹងថា អគារសម្ភព និងមណ្ឌលសុខភាពឃុំបូរីជលសារ បានសាងសង់ឡើងនៅឆ្នាំ២០១៨ ជាអំណោយរបស់លោក មាស សុភា និងលោកស្រី ឈ បូរី រួមជាមួយសប្បុរសជន និងនាយទាហានក្នុងជួរកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត ជូនដល់ប្រជាជនក្នុងឃុំបូរីជលសារ ដែលកាលនោះមណ្ឌលសុខភាពនេះ ពុំទាន់មានអគារសម្ភពសម្រាប់ការព្យាបាល និងសំរាលកូននៅឡើយទេ។
ដោយពិនិត្យឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិអន្លុងទៀន ឃុំបូរីជលសារ ក្នុងការស្វែងរកសេវាថែទាំសុខភាព និងសំរាលកូន ហើយត្រូវ ធ្វើដំណើកាន់មណ្ឌលសុខភាព នៅទីឆ្ងាយ ក៏ដូចជាប្រទេសវៀតណាមនោះ ទេសរដ្ឋមន្រ្តី មាស សុភា និងលោកស្រីឈ បូរី មាស សុភា ក៏បានផ្តួចផ្តើមគៀងគររកសប្បុរសជន ដើម្បីកសាងនូវអគារសម្ភព១ខ្នង ក្នុងមណ្ឌលសុខភាពនេះឡើង ឆ្លើយតបតាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅតំបន់នោះ។
តាមរយៈ នៃការស្វះស្វែងរកសប្បុរសជន ទេសរដ្ឋមន្ត្រី មាស សុភា រួមជាមួយសប្បុរសជន ដែលមានដើមកំណើត និងធ្លាប់រស់នៅស្រុកនោះផង ក៏បានផ្តួចផ្តើមកសាងមណ្ឌលសុខភាពនេះឡើង ដើម្បីជូនជាចំណងដៃដល់ប្រជាពលរដ្ឋ នៅក្នុងភូមិឃុំនេះមួយកន្លែង ដើម្បីឲ្យប្រជាពលរដ្ឋបានទទួលសេវាថែរក្សាសុខភាព និងសំរាកសំរាលកូន ដោយមិនចាំបាច់ដើរទៅរកការព្យាបាល នៅទីឆ្ងាយៗពីផ្ទះទៀតឡើយ។
តាមរយៈនៃការផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្រ្តី មាស សុភា និងលោកស្រី ឈ បូរី មាស សុភា រួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដី ស្រុកបូរីជលសារ ខេត្តតាកែវ និងមានការចូលរួមជួយជាថវិកាពីសប្បុរសជនផងនោះ គណៈកម្មការសាងសង់ ក៏បានចាប់ផ្តើមសាងសង់អគារសម្ភព១ខ្នងនេះឡើង ក្នុងអំឡុងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ហើយបានបញ្ចប់ការសាងសង់នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ។
អគារសម្ភពនេះមានទំហំទទឹង ១០m បណ្តោយ ១៥m ដែលមានបន្ទប់ផ្តល់សេវាចំនួន៥បន្ទប់, បន្ទប់ទឹក និងសំភារៈបរិក្ខាដែលបានបំពាក់នៅតាមបន្ទប់នីមួយៗ ដោយចំណាយអស់ថវិកាប្រមាណ ៧ម៉ឺន២០០០ដុល្លារ។ មណ្ឌលសុខភាព មានបណ្តោយ ៤៨ម៉ែត្រ ទទឹង៩ម៉ែត្រ ធ្វើពីបេតុងប្រក់គ្បឿង មានបន្ទប់សិក្សា ចំនួន៦បន្ទប់ និងអគារទីចាត់ការ១ខ្នង មានបណ្តោយ ៦ម៉ែត្រ ទទឹង ៦ម៉ែត្រ ធ្វើពីបេតុងប្រក់គ្បឿង សង់ផ្ទាល់ដី កសាងទីលានបាល់បោះ១កន្លែង សួនច្បារ របង ក្លោងទ្វារ ដែលរហូតមកទល់ពេលនេះ ក្រុមវិស្វករបានសាងសង់រួចរាល់ជាស្ថាពរ ក្នុងកំរោងចំណាយទឹកប្រាក់អស់ប្រមាណជា២០ម៉ឺនដុល្លារ។
ទេសរដ្ឋមន្រ្តី មាស សុភា ជំនួសមុខឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអាជ្ញាធរដែនដីរួម និងប្រជាពលរដ្ឋក្នុងឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ និងនាយ ទាហាន ពលទាហាន ក្នុងបញ្ជការដ្ឋានកងទ័ពជើងគោក បានសំដែងនូវអំណគុណយ៉ាងអនេកចំពោះកាយវិការដ៏សប្បុរសរបស់អស់លោក លោកស្រី ដែលជាសប្បុរសជន ដែលបានចំណាយ នូវធនធានផ្ទាល់ខ្លួន ចូលរួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងតំបន់នេះ ដើម្បីជួយកសាងនូវអគារសម្ភព និងមណ្ឌលសុខភាពឃុំបូរីជលសារនេះ និងសមិទ្ធិផលជាច្រើនទៀត នៅក្នុងឃុំបូរីជលសារនេះ បានដំណើការប្រកបដោយភាពរលូនទុកសំរាប់បំរើសេវាគាំពាំសុខភាពប្រជាជនយើង។
ទេសរដ្ឋមន្ត្រី បានរំលឹកថា កាលពីជំនាន់លោកនៅក្មេងៗ ស្រុកមួយនេះ គ្មានមណ្ឌលសុខភាពឡើយ ព្រោះតំបន់នេះលំបាក់ណាស់។ ប្រជាជនរស់នៅក្នុងទឹក៦ខែ ហើយ៦ខែគោក ព្រោះទីនេះជាតំបន់ជនបទ ដាច់ស្រយ៉ាល នៃវាលទំនាបបឹងជាប់ព្រំដែនកម្ពុជា-វៀតណាម ពិបាកក្នុងការទទួលបានសេវាគាំពារសុខភាពខ្លាំងណាស់។
ប៉ុន្តែសម័យបច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅតាមឃុំ-ភូមិ នៅទូរទាំងប្រទេស មានមណ្ឌុលសុខភាពសំរាប់ប្រជាជនយើងស្ទើរតែទាំងអស់ មិនពិបាកធ្វើដំណើឆ្ងាយ ទៅទទួលសេវាថែទាំសុខភាពដូចមុនទេ។ ចំណែកវិស័យសេវាថែរក្សាសុខភាពឯកជនជាច្រើន ត្រូវបានបង្កើតនៅតាមបណ្តាលខេត្តនិមួយៗផងដែរ។
ទេសរដ្ឋមន្រ្តី មាស សុភា ក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋ ក្នុងឃុំ-ស្រុក ខេត្តតាកែវទាំងអស់ ឲ្យត្រូវចេះនឹកឃើញ និងដឹងគុណដល់អ្នកដែលបានខិតខំប្រឹងប្រែងកសាងនឹងស្តារ អភិវឌ្ឍន៍ប្រទេសឲ្យមានសុខសន្តិភាព ពេញបរិបូរណ៍ និងមានភាពរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះផង កុំចេះតែទៅជឿក្រុមប្រឆាំង ដើរជេដើរញុះញុង ទាំងខ្លួនមិនទាន់ទាំងអាចជួយខ្លួនឯងបានផង។
នៅក្នុងឱកាសនោះ ក្រោយបញ្ចប់ការកាត់ខ្សែបូរសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ លោកក៏បានចែកជូននូវអំណោយដល់តាជីយាយជី សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមផងដែរ៕