Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេព បូព្រឹក្ស សម្រេចប្តឹងបុរសដែលជះស្រាបៀរដាក់នាង និងបុគ្គលពាក់ព័ន្ធ៣នាក់ទៀត ដោយទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារ (Video inside)

26-12-2018 14:04

(ភ្នំពេញ)៖ តារាចម្រៀង ទេព បូព្រឹក្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានសម្រេចដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ករណីបុរសម្នាក់ជះស្រាបៀរលើនាង ខណៈនាងកំពុងច្រៀង នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ជះស្រាបៀរដាក់នាង នៅចំណុចភោជនីយដ្ឋាន «សមុទ្រ» នៅតាមបណ្ដោយផ្លូវ១១៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានដាក់ពាក្យបណ្តឹងហើយនោះ, កញ្ញា ទេព បូព្រឹក្ស បានឲ្យដឹងថា នាងបានដាក់ពាក្យបណ្តឹងទៅលើបុគ្គល៤រូបរួមមាន៖ បុរសដែលបានជះស្រាបៀរមកលើនាង, ម្ចាស់ហាង «សមុទ្រ», អ្នករៀបចំកម្មវិធី និងស្ត្រីដែលអះអាងថា ជាម្តាយរបស់ជនបង្ក ដែលបានទះកំផ្លៀង មកលើអ្នករាំរបស់ខ្លួនចំនួន៣កំផ្លៀងពេញទំហឹង ដោយទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារអាមេរិក។

សំណងជំងឺចិត្ត១០ម៉ឺនដុល្លារអាមេរិកនេះ នឹងត្រូវយកទៅបរិច្ចាគឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រាជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមពីកញ្ញា ទេព បូព្រឹក្ស៕