(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីរៀបចំលំហាត់សមយុទ្ធ «នាគមាស» ឆ្នាំ២០១៩ នៅខេត្តកំពត។
លំហាត់សមយុទ្ធ «នាគមាសឆ្នាំ២០១៩» រវាងកម្ពុជា និងចិន នឹងព្រឹត្តទៅក្រោមរបៀបវរៈ «ប្រឆាំងភេរវកម្ម និងផ្នែកមនុស្សធម៌» ខណៈសមយុទ្ធនេះ នឹងប្រព្រឹត្តទៅនៅអំឡុងខែមីនា ឆ្នាំ២០១៩ខាងមុខ នៅទីលានបាញ់គ្រាប់ពិត ហ៊ុន សែន ជុំគិរី ដែលស្ថិតនៅស្រុកជុំគិរី ខេត្តកំពត ដោយមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំកន្លងទៅផងដែរ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។
សមយុទ្ធនាគមាស រវាងកងយោធពលខេមរភូមិ និងកងទ័ពរំដោះប្រជាជនចិន បានធ្វើឡើងពីរលើករួចមកហើយ លើកទី១ នៅឆ្នាំ២០១៦ លើកទី២នៅឆ្នាំ២០១៨ ហើយការធ្វើលើកនេះភាគីទាំងពីរ បានឯកភាពគ្នាលើប្រធានបទ (រួមគ្នាប្រឆាំងភេរវកម្ម និងមនុស្សធ៌ម) ក្នុងឱកាសនោះនាយឧត្តមសេនីយ បានណែនាំដល់អង្គភាពចូលរួម ត្រូវរៀបចំកំលាំងឱ្យបានហើយរួចរាល់ ិងធ្វើការហ្វឹកហាត់តាមខ្លឹមសា សមយុទ្ធ និងត្រួតពិនិត្យរាល់គ្រឿងបំពាក់ឱ្យបានរួចរាល់។
សូមជម្រាបថា ទីតាំងលំហាត់ហ្វឹកហ្វឺននាគមាសនេះ ត្រូវបានកងវិស្វកម្មអគ្គបញ្ជាការ សហការជាមួយកងពលតូចលេខ៧០ កំពុងធ្វើសកម្មភាពរៀបចំកសាងទីលាន អគារស្នាក់នៅ ប្រព័ន្ធផ្លូវចល័តនៃលំហាត់ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ដែលបម្រើឱ្យសកម្មភាពលំហាត់នាគមាសកម្ពុជា-ចិន ឆ្នាំ២០១៩ នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតរបស់សាលាហ្វឹកហ្វឺន តេជោសែន របស់កងពលតូចលេខ៧០ ស្ថិតក្នុងភូមិសាស្ត្រវាលចំបក់ ប្រជុំភ្នំព្រះ ភូមិអូរ ឃុំត្រពាំងរាំង ស្រុកជលគីរី ខេត្តកំពត៕