(កណ្ដាល)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្ដសម្ដែងការហួសចិត្តយ៉ាងខ្លាំង ចំពោះទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ដែលហ៊ានយកសេរីភាពលោក កឹម សុខា ជាដៃគូនយោបាយរបស់ខ្លួន មកធ្វើជាល្បែងភ្នាល់ជាមួយសម្ដេច ដើម្បីតែផលប្រយោជន៍ផ្ទាល់ប៉ុណ្ណោះ ដោយមិនខ្វាយខ្វល់ពីដៃគូគេឡើយ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចបន្ដជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ប្រមាណ ១៥,៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដែលជាជំនួបលើកចុងក្រោយហើយសម្រាប់ឆ្នាំ២០១៨នេះ។
ស្ថិតក្នុងបរិបថនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា សម្ដេចដឹងច្បាស់ណាស់ថា ការយកសេរីភាពរបស់អ្នកដទៃមកធ្វើជាល្បែងភ្នាល់នេះ ជារឿងអគុណធម៌ ប៉ុន្ដែសម្ដេចត្រូវតែភ្នាល់តាមសំណើររបស់ទណ្ឌិត សម រង្ស៊ី ដើម្បីឲ្យទណ្ឌិតរូបនេះកាន់តែភ្លឺភ្នែកអំពីភាពច្បាស់លាស់របស់សម្ដេច ដោយមិនខ្លាចរអាឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅសុខមិនសុខ ទៅយកសិទ្ធិសេរីភាពរបស់អ្នកដទៃយកមកភ្នាល់ បើខ្ញុំមិនភ្នាល់ទេ គឺគេខ្ញុំនឹងកំសាក់ អន់ ប៉ុន្ដែគេចាប់ចំណុចខុសបំផុត ពេលដែលខ្ញុំប្រកាសភ្នាល់គេថា យើងសម្រេចជំនួសតុលាការ ក៏ប៉ុន្ដែសុំស្ដាប់សម្ដីខ្ញុំឡើងវិញៗ ដែលពាក្យថា បើមិនទាន់កាត់ទោសផង តើមានទោសឯណាសម្រាប់ការលើកលែង ទោះបីដល់សេះដុសស្នែង ក៏រឿងនេះមិនអាចកើតបានដែរ»។
សម្ដេចតេជោ បន្ដថា «អ្វីដែលហួសចិត្តគឺនៅត្រង់ថាយកសេរីភាពបុគ្គល ដែលជាដៃគូនយោបាយរបស់គេ យកមកធ្វើជាល្បែងភ្នាល់ ឯខ្ញុំបានបញ្ជាក់ហើយ ខ្ញុំមិនភ្នាល់មិនបានប៉ុន្ដែវាអគុណធម៌ តែត្រូវតែភ្នាល់។ ចឹងទេសង្ឃឹមថា បើមានសេចក្ដីក្លាហានគេប្រកាសហើយ គេថាគេនឹងមកឆាប់ៗ សូមអញ្ជើញខ្ញុំក៏ត្រៀមអាឆាប់នឹងហើយដែរ Everytime»។
សូមជម្រាបថា នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ លោក សម រង្ស៊ី បានប្រកាសតាមរយៈ Facebook របស់ខ្លួនដោយបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះ «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ, សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឲ្យចាប់ខ្លួន»។
ភ្លាមៗឆ្លើយតបនឹងការបបួលភ្នាល់របស់លោក សម រង្ស៊ី នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ បណ្តាញព័ត៌មាន Fresh News ដោយសម្តេចបានសម្រេចភ្នាល់តាមការបបួលរបស់លោក សម រង្ស៊ី ហើយ។ សម្តេចតេជោ បានកំណត់ថា ប្រសិន សម រង្ស៊ី ចាញ់ត្រូវចូលឲ្យចាប់ខ្លួនភ្លាមៗតែម្តង បន្ទាប់ពីបញ្ចប់ការភ្នាល់។
សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងនៃកម្ពុជា បានថ្លែងតាមរយៈបណ្តាញព័ត៌មាន Fresh News ទៅកាន់មហាជនថា សម រង្ស៊ី ជាអ្នករុញសម្តេចផ្ទប់ជញ្ជាំង ឲ្យគ្មានជម្រើសអ្វីក្រៅពីទទួលយកការភ្នាល់ដោយចៀសមិនផុត ដើម្បីសម្លាប់ជីវិតនយោបាយ កឹម សុខា ដែលជារឿងអគុណធម៌បំផុត ដូច្នេះទាំងលោក កឹម សុខា និងក្រុមគ្រួសារ ព្រមទាំងអ្នកគាំទ្រលោក កឹម សុខា ទាំងអស់ទាំងក្នុង និងក្រៅប្រទេស កុំភាន់ច្រឡំលើរឿងនេះ៕