ទូតកម្ពុជានៅឥណ្ឌូនេស៊ី អំពាវនាវដល់ពលរដ្ឋខ្មែរ ដែលស្នាក់នៅ សិក្សា ធ្វើការ ឬកម្សាន្តនៅខេត្តមួយចំនួន ក្នុងប្រទេសឥណ្ឌូនេស៊ី ប្រុងប្រយ័ត្នខ្ពស់ចំពោះបន្ទុះភ្លើង បង្ករលកស៊ូណាមី កើតឡើងសារជាថ្មី
26-12-2018 13:08
(ឥណ្ឌូនេស៊ី)៖ ស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលស្នាក់នៅ សិក្សា ធ្វើការ ឬធ្វើដំណើរកម្សាន្ត នៅខេត្តឡំពង់ កោះស៊ូម៉ាត្រាខាងត្បូង និងខេត្តបាទេន កោះចាហ្វាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី សូមប្រុងប្រយ័ត្នខ្ពស់ ដោយសារអាជ្ញាធរឥណ្ឌនេស៊ី បានព្រមានអាសន្ននៃបន្ទុះកូនភ្នំភ្លើង ក្រាកាទូអា ជាថ្មីម្តងទៀត បន្ទាប់ពីបានផ្ទុះ និងធ្វើឲ្យមានរលកស៊ូណាមី កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីជូនដំណឹងបានឲ្យដឹងថា «ករណីប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅតំបន់ខាងលើមានអាសន្នបន្ទាប់ សូមទាក់ទងមន្ត្រីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំឥណ្ឌូនេស៊ី តាមរយៈលេខទូរស័ព្ទទំនាក់ទំនង +62 813 17565486, +62 821 12368639 ឬ +62 812 82566658»។
សូមជម្រាបថា រលកស៊ូណាមី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ បានសម្លាប់មនុស្ស៤២៩នាក់, បាត់ខ្លួន១៥៤នាក់ និងរបួសចំនួន១៤៨៥នាក់៕