(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ជម្លោះផ្ទៃក្នុងរបស់អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនោះ គឺចេញមកយ៉ាងច្បាស់ទៅហើយ ហើយកុំចាំបាច់មកដោះសារថា មនុស្សពីរនាក់ ក្លាយទៅជាមនុស្សម្នាក់នោះ វាមិនអាចទៅរួចនោះទេ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ​១៥,៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រឿងជម្លោះរបស់បក្សដទៃ ឬក្រុមដទៃទុកឲ្យគេឈ្លោះគ្នាទៅ សម្ដេចមិនខ្វាយខ្វល់នោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «​រឿងជម្លោះរបស់បក្សដទៃ ក្រុមដទៃទុកឲ្យគេទាស់គ្នាទៅ។ រឿងហ្នឹងវាបានចេញច្បាស់មកហើយ កុំចាំបាច់មនុស្សម្នាក់ មនុស្សពីរនាក់ ក្លាយទៅជាមនុស្សម្នាក់វាទៅមិនរួចនោះទេ»

ប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ស្របពេលដែលគេដឹងថា ជម្លោះរបស់អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ហាក់កាន់តែផ្ទុះឡើងជាបន្ដបន្ទាប់ ពិសេសចេញពីមនុស្សដែលធ្លាប់មានឥទ្ធិពលនៅក្នុងគណបក្សខ្មោចមួយនេះតែម្ដង។ ប៉ុន្ដែព័ត៌មាននេះ ត្រូវបានទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី បញ្ជាក់ថា រូបលោក និងលោក កឹម សុខា ជាមនុស្សតែមួយមិនមានអ្វីខ្វែងគំនិតគ្នានោះទេ។

យ៉ាងណាក៏ដោយ សម្រាប់ការលើកឡើងរបស់ទណ្ឌិតកំសាក់រត់ចោលស្រុករូបនេះ ត្រូវបានលោក​ គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតជាន់ខ្ពស់របស់ លោក សម រង្ស៉ី ធ្លាប់បានបង្ហើបប្រាប់បណ្តាញព័ត៌មាន​ Fresh News ថា លោក សម រង្ស៉ី និង កឹម សុខា ពេលនេះឈានដល់ផ្លូវបំបែកហើយ។

លោក គង់ គាំ បានរំលឹកថា ការសម្រេចដែលធ្វើឡើងដោយក្រុមរបស់ លោក សម រង្ស៉ី នាថ្មីៗនេះមិនអាចយកជាការបានទេ ដោយសារតែរាល់ការសម្រេចរបស់ អតីត CNRP ត្រូវធ្វើឡើងដោយកុងសង់ស៊ីស រវាងលោក​ សម រង្ស៉ី និងលោក​កឹម សុខា ហើយពេលនេះបែរជាពួកគេមិនមានកុងសងស៊ីស ដែលមានន័យថា ការសម្រេចកន្លងមកគឺធ្វើឱ្យបែកបាក់គ្នា។ លោកអះអាងថា អ្វីដែលសម្រេចដោយក្រុមសម រង្ស៉ី គឺជារណសិរ្យមួយប៉ុណ្ណោះ មិនមែនតំណាង អតីតគណបក្សសង្រ្គោះជាតិទាំងមូលទេ។

ការប្រឈមមុខដាក់គ្នារវាងក្រុមរបស់ លោក សម រង្ស៉ី និងក្រុមរបស់ លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីលោកសម រង្ស៉ី រៀបចំសន្និសីទមួយ នៅទីក្រុងអាត្លង់តា រដ្ឋចរចាសហរដ្ឋអាមេរិក ដោយសម្រេចតែងតាំង ខ្លួនលោកជា​ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ។

លោកស្រី មូ សុខហួរ និង លោក អេង ឆៃអ៊ាង ដែលជាអតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិនេះ បានគាំទ្រ ព្រមទាំងចេញមុខការពារ លោក សម រង្ស៉ី ក្នុងការកាន់តំណែងស្តីទីនេះ។ ប៉ុន្តែ លោក កឹម សុខា ដែលជាអតីតប្រធាន មិនគាំទ្រនោះទេ។ ក្រុមរបស់ លោក កឹម សុខា បានចាត់ទុកថា សកម្មភាពនេះ គឺជាការដណ្តឹមយកឈ្មោះគណបក្សទៅគ្រប់គ្រង៕