(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្នោះនិងគុករួចហើយ ដើម្បីដាក់ទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាសង្រ្គោះជាតិ បើសិនជាទណ្ឌិតរូបនេះ ចូលមកក្នុងប្រទេសកម្ពុជា អនុវត្តទោស។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីប្រមាណ ១៥,៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «ខ្ញុំក៏បានត្រៀមខ្លួនរួចស្រេចហើយដែរ សម្រាប់អ្នកដែលបានត្រៀមខ្លួនចូលស្រុក ខ្ញុំក៏បានត្រៀមខ្នោះ និងគុករួចហើយដែរ។ សូមអញ្ជើញអ្នកក្លាហានមកកាន់ទឹកដីកម្ពុជា មុនក៏បានក្រោយក៏បានបន្ទាប់ពីឱសានវាទនៃការភ្នាល់គ្នា គឺក្រោយថ្ងៃ១ ខែមីនា។ សូមអញ្ជើញ បើមិនមក អ្នកឯងមិនមែនជាមនុស្សទេ គឺជាសត្វតិរច្ឆាន។ អញ្ជើញមក ព្រៃសចាំ ឬ ត្រពាំងផ្លុង ឬព្រះវិហារ ឬឧត្តរមានជ័យ ឬកន្លែងណា Everywhere សូមអញ្ជើញអ្នកក្លាហានចូលស្រុក ដើម្បីទទួលទោសដែលអ្នកមានរួចទៅហើយ មិនចាំបាច់រត់ចោលស្រុកហើយ ប្រកាសផ្តល់ក្តីសង្ឃឹមថា នឹងចូលស្រុក»។
ការប្រកាសចាំទទួលស្វាគមន៍ លោក សម រង្ស៉ី ដោយខ្នោះ និងគុកនេះ បានធ្វើឡើងបន្ទាប់ពី មេចលនាសង្រ្គោះជាតិ លោក សម រង្ស៉ី ដែលទើបតែប្លន់យកឈ្មោះ អតីតគណបក្សសង្រ្គោះជាតិពីលោក កឹម សុខានោះ បានប្រកាសប្រាប់អ្នកគាំទ្ររបស់លោកថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ ដើម្បីដឹកនាំគណបក្សខ្មោចរបស់លោកឡើងវិញ។
ការឃោសនាបែបនេះ មិនមែនជាលើកទី១ទេ សម្រាប់ទណ្ឌិត សម រង្ស៉ី ដែលតុលាការកាត់ទោសជាច្រើនករណី និងមានករណីមួយចំនួនទៀត កំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ។ កាលពីកន្លងទៅ បន្ទាប់ពីប្រកាសនេះ លោក សម រង្ស៉ី មិនបានវិលមកកម្ពុជាអនុវត្តទោសតាមការសន្យានោះទេ ព្រមទាំងចោទថា រាជរដ្ឋាភិបាល បានបិទមិនឱ្យខ្លួនចូលមកកាន់ប្រទេសកម្ពុជា តាមជើងហោះហើរជាដើម។
សម្រាប់លើកនេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចចេញបញ្ជាបើកផ្លូវឱ្យ លោក សម រង្ស៉ី មកចូលគុករួចរាល់ហើយ។ សម្តេចបានបញ្ជាក់ថា «ខ្ញុំបានប្រាប់អាកាសចរណ៍ កុំឱ្យហាមឃាត់អាកាសចរណ៍ទាំងអស់ដឹកអាជនហ្នឹង គឺឱ្យគេដឹងមក ខ្ញុំក៏ចង់ជម្រះបញ្ជីជាមួយអាជននេះឱ្យបានច្បាស់។ ខ្ញុំបានប្រាប់អាកាសចរណ៍ស៊ីវិល កុំហាមឃាត់ក្នុងការដឹកអាចង្រៃនេះចូលស្រុក ព្រោះយើងត្រូវដាក់ខ្នោះវា ព្រោះយើងតាមចាប់វាយូរហើយចាប់មិនបាន ឥឡូវវាចូលឱ្យចាប់ហើយ វាមិនស្រួល។ សូមអញ្ជើញមក ខ្ញុំក៏បានត្រៀមខ្លួនហើយដែរ ប៉ុន្តែបើសិនអ្នកឯងមិនមក ថ្ងៃទី០១ ខែមីនា ដែលជាឱសានវាទ នៃការភ្នាល់ គឺអ្នកឯងជាសត្វឆ្កែសុទ្ធ ខ្ញុំហៅអ្នកឯងជាឆ្កែ គ្រាន់តែព្រុះ បើពូកែណាស់ ! ពេលណាក៏រត់ដែរឱ្យតែមានរឿងគឺរត់ មិនថារឿងតូច ឬរឿងធំ គឺដឹងតែរត់ រួចហើយតាំងប្រកាសមកហើយ»។
ទោះជាយ៉ាងនេះក្តី លោក សម រង្ស៉ី នាពេលកន្លងទៅ ក៏បានស្វះស្វែងរកច្រក ដើម្បីទទួលបានការលើកទោសដើម្បីចូលមកកាន់ប្រទេសកម្ពុជាធ្វើនយោបាយឡើងវិញ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ដែលជាច្រកតែមួយគត់ ក្នុងការស្នើលើកលែងទោសដល់ទណ្ឌិតនានា បានប្រកាសថា សម្តេចនឹងមិនស្នើលើកលែងទោសឱ្យ លោក សម រង្ស៉ី ជាលើកទី៣ឡើយ។
សម្តេចបានថ្លែងយ៉ាងដូច្នេះទៀតថា៖ «លើកមុន ខ្ញុំលើកលែងទោសឱ្យអ្នកឯង ចំថ្ងៃឪពុកខ្ញុំទទួលមរណភាព តែលើកនេះ ខ្ញុំមិនបានលើកលែងទោសអ្នកឯងទេ ខ្ញុំបញ្ជាឱ្យដាក់ខ្នោះអ្នកឯង ព្រោះរដ្ឋបាលត្រូវអនុវត្តសាលដីកាតុលាការ នរណាចង់ថាអីថាចុះ ល្អដែរសូមអញ្ជើញមកជាប់គុក ហើយចូលឆ្នាំខ្មែរសូមមកចូលឆ្នាំនៅក្នុងគុក ប្រហែលជាក្លាយជាវីរៈបុរស ប៉ុន្តែតាមការយល់ដឹងនៃមនុស្សជាច្រើន គឺថាមនុស្សនេះជាមនុស្សកំសាក។ ខ្ញុំនិយាយបែបនេះ គឺខ្ញុំចង់រុញដើម្បីឱ្យអ្នកឯងចូលមក»។
សម្តេចតេជោ ហ៊ុន សែនបានរិះគន់ លោក សម រង្ស៉ី ជាមនុស្សអត្មានិយម និងកំសាក ដោយបានយកជីវិតនយោបាយ ដៃគូរបស់ខ្លួន គឺ លោក កឹម សុខា ទៅធ្វើជាដើមទុនក្នុងល្បែងភ្នាល់។ សម្តេចចាត់ទុកថា ការធ្វើបែបនេះ ដោយសារតែពួកគេមិនបានយល់ពីច្បាប់ឱ្យបានច្បាស់លាស់ ហើយលោក កឹម សុខា កំពុងស្ថិតនៅក្នុងដំណាក់កាលតុលាការនៅឡើយមិនទាន់មានទោសដែលត្រូវលើកលែងតាមច្បាប់ទេ។
សម្តេចបានបន្តទៀតថា៖ «នៅសុខមិនសុខ ទៅយកសេរីភាពរបស់អ្នកដទៃមកភ្នាល់ បើខ្ញុំមិនភ្នាល់ទេ គឺគេថាខ្ញុំនឹងកំសាក អន់ ប៉ុន្តែគេចាប់ចំណុចខុសបំផុត ពេលដែលខ្ញុំប្រកាសភ្នាល់គេថា យើងសម្រេចជំនួសតុលាការ ប៉ុន្តែសូមស្តាប់សម្តីរបស់ខ្ញុំឡើងវិញ ខ្ញុំថា បើមិនទាន់កាត់ទោសផង តើមានទោសមកពីណានឹងត្រូវលើកលែង ទោះបីជាសេះដុះស្នែង ក៏រឿងនេះមិនអាចកើតឡើងដែរ»។
យ៉ាងណាក៏ដោយ សម្រាប់ការចាប់វ៉ៃខ្នោះលោក សម រង្ស៉ីនេះ ត្រូវបានសម្តេចបញ្ជាក់ថា ការដោះខ្នោះ លោក សម រង្ស៉ី នឹងធ្វើឡើងតាមរបៀបរបស់អាមេរិក ដែលចងស្លាបសេក មិនដាក់ពីមុខនោះទេ៕