(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានបើកសិក្ខាសាលាជាតិស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ អធិបតីភាពឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ។ សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធជាច្រើន។
សិក្ខាសាលាជាតិស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ រៀបចំធ្វើឡើងរយៈពេលពីរថ្ងៃ ហើយនឹងបិទបញ្ចប់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
សូមជម្រាបថា គ.ជ.អ.ប ត្រូវបានបង្កើតឡើង សម្រាប់អនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយច្បាប់ស្ដីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ និងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (គ.ជ.អ.ប) គឺជាយន្តការអន្តរក្រសួង សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យតាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា៕