(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំលើកទី៤របស់ខ្លួន សមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានបង្ហាញនូវជំហរប្ដេជ្ញាខិតខំបង្កើតរចនាសម្ព័ន្ធថ្មី ដើម្បីដើរតួដ៏សំខាន់ក្នុងភាពជាដៃគូអភិវឌ្ឍន៍លើគ្រប់វិស័យ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសវិស័យទាំងឡាយដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចជាតិ។
កិច្ចប្រជុំលើកទី៤ របស់សមាគមសហព័ន្ធវិនិយោគិនកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពលោក សួន រិន្ទឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងសណ្ឋាគារហាយស្កាយ ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានលើកឡើងថា សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិជាមួយវិស័យឯកជន ដោយសារសមាគមនេះ ជាសមាគមមួយធំសម្រាប់ធ្វើជាដៃគូអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានបន្តទៀតថា សមាគមបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីអនុម័តរៀបចំរចនាសម្ព័ន្ធការងារតាមផ្នែកតាមវិស័យនីមួយៗ ដើម្បីធ្វើជាដៃគូអភិវឌ្ឍន៍របស់ជាតិឱ្យបាន ស្របតាមនយោបាយរបស់រាជរដ្ឋាភិបាល។ ការដោះស្រាយបញ្ហាកង្វល់របស់ប្រជាពលរដ្ឋ និងទប់ស្កាត់ការប្រើប្រាស់ឱសថ និងផលិតផលក្លែងក្លាយ ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលក្លែងក្លាយរបស់ក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធនឹងបន្លែងផ្លែឈើត្រី និងសាច់ដែលមានជាតិគីមីពុល មេរោគ និងបាក់តេរីទៀតសោត ក៏ត្រូវបានលោក ឡី សុភាព បញ្ជាក់ដែរថា សមាគមសហព័ន្ធវិនិយោគិនកម្ពុជា នឹងចូលរួមដោះស្រាយជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច តាមរយៈការផ្តល់នូវឧបករណ៍ពិនិត្យ ដោយធ្វើការចែកជូនប្រជាពលរដ្ឋ ដែលជាដំណោះស្រាយក្នុងការកម្ចាត់មេរោគក្នុងបន្លែផ្លែឈើ និងសាច់ដែលមានជាដំណាក់កាលៗ។
លោកបានបន្ថែមថា សមាគមនក៏មានផែនការជំរុញលើវិស័យអភិវឌ្ឍដីធ្លី អចលនទ្រព្យ វិស័យសិប្បកម្ម ទេសចរណ៍ ឧស្សាហកម្ម វិស័យសេវាកម្មផងដែរ ដើម្បីឱ្យវិស័យទាំងនេះបន្តការរីកចម្រើន ពោលវិស័យទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍជាតិ សុទ្ធតែត្រូវធ្វើក្នុងនាមជាដៃគូអភិវឌ្ឍន៍របស់ជាតិ៕