(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៥,៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ កម្មការិនីនៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកចុងក្រោយហើយសម្រាប់ឆ្នាំ២០១៨នេះ។ ពេញមួយឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ៣៦លើក ហើយមានកម្មករ កម្មការិនី បានជួបសំណេះសំណាលសរុបប្រមាណ ៥៩៦,១១៩នាក់។
សម្រាប់ជំនួបសំណេះសំណាលនៅព្រឹកថ្ងៃនេះ ធ្វើឡើងនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះថា ជំនួបសំណេះសំណាលនៅថ្ងៃទី២៦ ខែធ្នូនេះ គឺជាជំនួបលើកទី៩ហើយសម្រាប់ខេត្តកណ្តាល ហើយនៅសល់មួយលើកទៀតទើបបិទបញ្ចប់សម្រាប់ខេត្តកណ្តាលនេះ។
កម្មករ កម្មការិនី ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលនៅថ្ងៃនេះ មកពីរោងចក្រ សហគ្រាសចំនួន ១៥នៅក្នុងខេត្តកណ្តាល មានកម្មករ និយោជិតប្រមាណ ១០,៦៣២នាក់ និងមកពីខេត្តកំពង់ស្ពឺចំនួន៧ មានកម្មករ និយោជិតប្រមាណ៤,៩៧៤នាក់។
រោងចក្រ សហគ្រាសទាំង២២នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន១៤, កូរ៉េចំនួន១ និងខ្មែរចំនួន៧។ រោងចក្រ សហគ្រាសទាំង២២នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧, ផលិតស្បែកជើងចំនួន២, ផលិតកាបូបចំនួន៤, ផលិតកេសកាតុងចំនួន២, ផលិតផ្លែសន្ទូចចំនួន១, ផលិតអំពូលភ្លើងចំនួន១, ផលិតនំចំនួន១, ផលិតដបទឹកសុទ្ធចំនួន១ និងរោងចក្រកិនស្រូវចំនួន៣។
បើតាមលោករដ្ឋមន្ត្រីក្រសួងការងារ ផលិតផលផលិតនៅរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ លោករដ្ឋមន្ត្រី ក៏បានឲ្យដឹងផងដែរថា បច្ចុប្បន្នខេត្តកណ្តាលមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៤៦៤ មានកម្មករ និយោជិតសរុប ១៥៥,១៣៨នាក់ ដែលមានប្រាក់ឈ្នួលសរុប ៣៧២លានដុល្លារ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៧០ មានកម្មករ និយោជិតចំនួន ១៣៧,៦៦៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៣៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងថា សមិទ្ធផលខាងលើនេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញដំណើរចុះសំណេះសំណាលជាមួយកម្មករ កម្មការិនីតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ មកម្ល៉េះ។ មកដល់ពេលបច្ចុប្បន្នសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន៦១លើក ដោយមានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ ៨៧៥,១៧៣នាក់។
តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយជាផលប្រយោជន៍ជាច្រើនសម្រាប់កម្មករ កម្មការិនី ហើយបញ្ហាមួយចំនួនដែលប្រឈមសម្រាប់ការរស់នៅរបស់កម្មករ កម្មការិនី ក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ។ ជាពិសេសបានធ្វើឲ្យដំណើរការនៅតាមរោងចក្រនីមួយៗមានភាពល្អប្រសើរ បញ្ចៀសបាននូវបាតុភាពជាច្រើន៕