(ភ្នំពេញ)៖ តារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ នៅក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង ជះនិងគប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងនៅលើឆាក ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១០៖០៥នាទីយប់ ថ្ងៃអង្គារ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅចំណុចភោជនីយដ្ឋានមួយយីហោ «សមុទ្រ» ស្ថិតនៅជិតមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ កញ្ញាបាននិយាយថា កញ្ញាត្រូវច្រៀងនិងសម្ដែងនៅក្នុងកម្មវិធី Hite X'mas Edition Party ដែលប្រព្រឹត្តទៅនាយប់ថ្ងៃអង្គារិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅភោជនីយដ្ធាន «សមុទ្រ» ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េ ហើយកញ្ញាមកដល់កន្លែងនេះត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត លុះនៅមុនពេលកើតហេតុបន្តិច កញ្ញាមកដល់ម៉ោង៩៖៥០នាទី ហើយម៉ោងដែលកញ្ញាត្រូវច្រៀងគឺម៉ោង១០យប់ តែម្ចាស់ហាងខឹងមិននិយាយអី ហើយក៏ស្រាប់តែមានបុរសម្នាក់ ក៏គប់កំប៉ុងស្រាបៀរដាក់កញ្ញាតែម្តងខណៈពេលកំពុងច្រៀងនៅលើឆាក។
ទើបធ្វើឲ្យកញ្ញា ទេព បូព្រឹក្ស កើតទុក្ខមិនសុខចិត្ត ទើបធ្វើការ Live វិដេអូផ្ទាល់ នៅលើ Facebook ផ្ទាល់ខ្លួនរបស់កញ្ញា រហូតមហាជនអ្នកនិយមលេងហ្វេសប៊ុក Likes និង Shares ចែកចាយ Video របស់កញ្ញាបន្តបន្ទាប់គ្នា រាប់បង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញាស្រែកយំខ្លាំងៗតាមរយៈ Live Video នោះ ព្រោះតែកញ្ញាមកចម្រៀងតាមការអញ្ជើញរបស់ភោជនីយដ្ឋានខាងលើ ដែលជា Events របស់ក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េនោះ។
ដោយនៅក្នុងវិដេអូ Live នោះដែរ គេលឺសំលេងម្ចាស់ហាងបានព្យាយាមនិយាយទៅកាន់កញ្ញា ទេព បូព្រឹក្ស ដើម្បីសុំសម្រួលបានអត់? តែកញ្ញាតបវិញថា រឿងគេយកកំប៉ុងស្របៀរគប់មកនាងខ្ញុំប៉ុណ្ណោះហើយ សម្រួលយ៉ាងម៉េច? ដោយកញ្ញា បូព្រឹក្ស មិនព្រមសម្រួលទេ ហើយខណៈកំពុងតែស្រែកច្រៀងសុខៗស្រាប់តែ មានគេយកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យកញ្ញាខ្មាស់គេ និងខឹងសម្បារយ៉ាងខ្លាំង ដោយសារតែទង្វើមើលងាយ និងមិនឲ្យតម្លៃមកលើកញ្ញា។
ភ្លាមៗនោះគេឃើញ លោក ដេវីត ក៏បានមកដល់ និងចូលទៅដោះស្រាយ នៅក្នុងភោជនីយដ្ឋាននោះ ដោយមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកយកព័ត៌មានស្ទើរគ្រប់ស្ថាប័ន និងសមត្ថកិច្ចុចុះទៅកន្លែងកើតហេតុផងដែរ៕