(ភ្នំពេញ)៖ ឧកញ៉ា ឌួង ឆាយ បានសម្រេចប្តឹងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកទារសំណងជំងឺចិត្តប្រមាណ ៤ម៉ឺនលានរៀល ស្មើនឹងប្រមាណ ១០លានដុល្លារ ពីបទបរិហារកេរ្តិ៍។ ឧកញ៉ា ឌួង ឆាយ បានបញ្ជាក់ថា ប្រាក់សំណងជំងឺចិត្តទាំងអស់ នឹងត្រូវយកទៅជួយការងារសង្គម។
ពាក្យបណ្តឹងរបស់ឧកញ៉ា ឌួង ឆាយ បានដាក់ចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ។ ក្នុងពាក្យបណ្តឹងដាក់ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឧកញ៉ា ដួង ឆាយ បានអះអាងថា ការប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីលោក William Guang មេបក្សនយោបាយជាប់ដោយរឿងអាស្រូវច្រើនពីអតីតកាលរូបនេះ បានធ្វើបរិហាកេរ្តិ៍រូបលោក និងឪពុករបស់លោកថែមទៀតនៅលើ Facebook។
បើតាមការបញ្ជាក់របស់ឧកញ៉ា ឌួង ឆាយ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ លោក William Guang បានសរសេរសារឌឺដងផ្លែផ្កាបញ្ឈិតបញ្ឈៀងដោយមិនចំឈ្មោះលើ Facebook របស់ខ្លួនថា «ក្លឹបបានបង់ពន្ធឬនៅ? ហាងបានបង់ពន្ធឬនៅ? កាលពីសម័យរកស៊ីជាមួយផ្លាកពាណិជ្ជមានពាក់ព័ន្ធលុយខ្មៅកគោក មកដល់ថ្ងៃនេះបាន Clear ហើយឬនៅ? ឪពុកមានពាក់ព័ន្ធនឹងបណ្តាញចារកម្មយួនពេលនេះនិយាយខ្មែរច្បាស់នៅ? បើនៅទេ ចាំខ្ញុំជួយយកភស្តុតាងជំរុញទៅអាជ្ញាធរ ដើម្បីឲ្យពិនិត្យបន្ថែម។ ឲ្យគេដឹងថា មានឧកញ៉ាមួយចំនួនយកសប្បុរសធម៌បិទបាំងអំពើថោកទាបជាច្រើន។ សូមបញ្ជាក់ថា បទល្មើសមួយចំនួនមិនទាន់ផុតអាជ្ញាយុកាលទេ»។
បើទោះបីក្នុងសំណេរនេះមិនបានបញ្ចេញចំឈ្មោះយ៉ាងណាក្តី តែគេបានសន្និដ្ឋានបានថា សំណេរនេះលោក William Guang សំដៅដល់ឧកញ៉ា ឌួង ឆាយ។ ព្រោះថាសំណេរនេះ បានធ្វើឡើងបន្ទាប់ពីឧកញ៉ា ឌួង ឆាយ រិះគន់លោក William Guang ព្យាយាមទាញយកប្រជាប្រិយភាពពីការរឿងដោះដូរតំណែងអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង។
ក្រៅពីសំណេរនេះទៅឧកញ៉ា ឌួង ឆាយ ក៏បានបង្ហាញប្រតិកម្មផងដែរ ចំពោះការបង្ហោះសាររបស់លោក William Guang ដោយភ្ជាប់ជាមួយរូបភាពជាប់ឃ្នោះរបស់លោកកាលពីអតីតកាល។ ឧកញ៉ា ឌួង ឆាយ ចាត់ទុកការបង្ហោះនោះជាការធ្វើឲ្យសាធារណៈមតិយល់ច្រឡំ និងប៉ះពាល់ខ្លាំងដល់កិត្តិយសរបស់លោក។
នៅក្នុងពាក្យបណ្តឹងដដែលនេះ ឧកញ៉ា ឌួង ឆាយ បានសំណូមពរឲ្យលោក Wiilaim Guang ធ្វើលិខិតជាលាយលក្ខណ៍អក្សរសុំទោសរូបលោកជាសាធារណៈ ដើម្បីចៀសវាងការភ័ន្តច្រឡំពីសំណាក់មហាជន និងដៃគូពាណិជ្ជកម្មរបស់លោក ដែលបាត់បង់ទំនុកចិត្ត។
ឧកញា៉ ដួង ឆាយ បានសុំឲ្យមានការផ្តន្ទាទោសលោក William Guang ទៅតាមច្បាប់ឲ្យបានតឹងរឹងបំផុត និងធ្វើការឃាត់ខ្លួន និងឃុំខ្លួនទៅតាមច្បាប់ផងដែរ។
សូមបញ្ជាក់ថា សង្គ្រាមពាក្យសម្តីតាមបណ្តាញសង្គម Facebook នេះ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ លោក William Guang ក៏បានប្តឹងឧកញ៉ា ឌួង ឆាយ ពីបទបរិហារកេរ្តិ៍ផងដែរ។ លោក William Guang បានប្តឹងទាមទារសំណងជំងឺចិត្តប្រមាណ ៥ពាន់លានរៀល ស្មើនឹងជាង ១លានដុល្លារ។
ពាក់ព័ន្ធនឹងសំណុំរឿងនេះ មានមតិរិះគន់ជាច្រើនពីមន្ត្រីរាជការ រួមទាំងឧត្តមមន្ត្រីរបស់កម្ពុជាផងថា លោក Willaim Guang ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី ត្រាស់បង្គាប់តែងតែដោយព្រះព្រះមហាក្សត្រ កំពុងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កិត្តិនាម និងសេចក្តីថ្លៃថ្នូររបស់ឧត្តមមន្ត្រី។
ក្នុងឋានៈជាឧត្តមមន្ត្រី ទទួលប្រាក់ខែពីរដ្ឋបានពីការប្រមូលពន្ធរបស់រាស្ត្រ មិនគួរណាចេះតែដើរធ្វើសកម្មភាព និងបង្ហោះសារឌឺដងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ដូចករណីឧកញ៉ា ឌួង ឆាយ នោះទេ។ សកម្មភាពរបស់លោក William Guang មិនត្រឹមតែធ្វើឲ្យខូចកិត្តិនាម សេចក្តីថ្លៃថ្នូររបស់ឧត្តមមន្ត្រីនោះទេ វាថែមទាំងធ្វើឲ្យបាត់តម្លៃស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថែមទៀតផង៕