(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែធ្នូនេះ បានជំរុញឲ្យក្រសួងពាណិជ្ជកម្ម ខិតខំធ្វើកំណែទម្រង់លើវិស័យជាច្រើនទៀត ដើម្បីសម្រួលការធ្វើការពាណិជ្ជកម្ម រក្សាបាននូវបរិយាកាសវិនិយោគល្អ ក្នុងប្រទេសកម្ពុជា។
ការថ្លែងបែបនេះរបស់លោកឧបនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០១៩។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា ក្រសួងពាណិជ្ជកម្មពិត ជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ប្រហែល៧% ក្នុងមួយឆ្នាំ តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យពាក់ព័ន្ធនឹងពាណិជ្ជកម្ម ជាពិសេស ការពង្រឹងអភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈជូនអតិថិជនតាមប្រព័ន្ធស្វ័យប្រវត្តកម្មបានឆាប់រហ័ស និងមានតម្លាភាព ការកសាង និងវិសោធនកម្មលិខិតបទដ្ឋានច្បាប់ កិច្ចការពារអ្នកប្រើប្រាស់ ការរៀបចំគោលនយោបាយពាណិជ្ជកម្មក្នុងប្រទេស ការជំរុញផលិតផលកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសការពង្រីកកូតានាំចេញអង្ករបន្ថែមទៅកាន់ទីផ្សារចិន និងការចចារបើកច្រកទីផ្សារក្រៅប្រទេសថ្មីៗ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលកុ្ខណៈទ្វេភាគី និងពហុភាគី ជាដើម ។ល។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងសង្កត់ធ្ងន់ថា «ខ្ញុំសូមលើកទឹកចិត្ត និងផ្តល់នូវការគាំទ្រពេញទំហឹង ដល់ឯកឧត្តម ប៉ាន សូរស័ក្តិ និងថា្នក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឲ្យបន្តនូវកិច្ចខិតខំប្រឹងប្រែង ធ្វើកំណែទម្រង់លើវិស័យជាច្រើនទៀត សំដៅសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងរក្សាបាននូវបរិយាកាសវិនិយោគល្អ នៅកម្ពុជាក្នុងរបត់ថ្មីនៃការប្រែប្រួលប៉ូលសេដ្ឋកិច្ចពិភពលោក និងពាណិជ្ជកម្មអន្តរជាតិ»។
ឧបនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា កម្ពុជាសម្រេចបាននូវបង្គោលចរ (milestone) ជាប្រវត្តិសាស្រ្ត គឺបានឆ្លងផុតពីឋានៈនៃប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ជាផ្លូវការក្នុងឆ្នាំ២០១៥ កន្លងមក ហើយកម្ពុជាត្រូវបានចាត់ទុកថាជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី» ក្នុងឆ្នាំ២០១៦ ដោយធនាគារអភិវឌ្ឍន៍អាស៊ី ផងដែរ។ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រកបដោយសុទិដ្ឋិនិយមនេះ កម្ពុជា សម្រេចបាននូវការផ្លាស់ប្តូរគួរជាទីមោទនៈទាំងរចនាសម្ពន្ធសេដ្ឋកិច្ច និងសង្គម។
លោកបន្តថា ក្នុងឆ្នាំ ២០១៨ នេះ តាមការប៉ាន់ស្មានជាបឋមរបស់រដ្ឋាភិបាល អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងសម្រេចបានក្នុងរង្វង់៧.៣% ដែលកំណើននេះ ទទួលបានពី ការកើនឡើងយ៉ាងរឹងមាំនៃវិស័យសំណង់ ការបន្តកើនឡើងនៃវិស័យកាត់ដេរ និងការនាំចេញ កំណើនជាមធ្យមទទួលបានពីវិស័យកសិកម្ម ការងើបឡើងយ៉ាងខ្លាំងនៃវិស័យទេសចរណ៍ និងកំណើននៃ វិស័យលក់ដុំ-លក់រាយ ព្រមទាំងវិស័យបន្ទាប់បន្សំដទៃទៀត ផងដែរ។
ទាក់ទងនឹងវិស័យពាណិជ្ជកម្ម កម្ពុជាបានបើកទីផ្សារ និងនាំចេញទំនិញទៅកាន់១៤៧ ប្រទេស ក្នុងទំហំធំជាង ៦០% នៃផសស (ផលិតផលក្នុងស្រុងសរុប) និងនាំចូលទំនិញមកបម្រើការផលិត និងប្រើប្រាស់ ពី១៣៥ ប្រទេស ក្នុងទំហំប្រមាណ ៦៥% នៃផសស ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា «ខ្ញុំពិតមានមោទនភាពខ្ពស់ ដោយបានពិនិត្យឃើញថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានការវិវត្តន៍កើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងនោះ កំណើននៃការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធ បានសម្រេចរហូតដល់ ១៣ពាន់លានដុល្លារនៅឆ្នាំ២០១៨ (ប៉ាន់ស្មាន២ខែចុងក្រោយ) គឺកើនឡើងជិត ១៨% បើប្រៀបធៀបនឹងតម្លៃក្នុងឆ្នាំ២០១៧ កន្លងទៅ។ កំណើនពាណិជ្ជកម្មគួរឱ្យកត់សម្គាល់នេះ គឺពិតជាបានទទួលការរួមចំណែកយ៉ាងសកម្ម ពីការខិតខំប្រឹងប្រែងនៃមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម តាមរយៈការខិតខំធ្វើសកម្មភាពពាណិជ្ជកម្មទាំងនៅក្នុងប្រទេស និងទាំងលើឆាកអន្តរជាតិ»។
សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវរបាយការណ៍នៃការនាំចេញ-នាំចូលរបស់កម្ពុជា ដោយបញ្ជាក់ថា នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបរទេសសរុបចំនួន ២៤,៩៨៥លានដុល្លារអាមេរិក។ សម្រាប់ការនាំចេញទំនិញ របស់កម្ពុជាទៅតាមបណ្ដាប្រទេសផ្សេងៗ គិតជាទឹកប្រាក់១១,២១៥លានដុល្លារ ខណៈការនាំចូលរបស់កម្ពុជាវិញ ក៏មានចំនួនច្រើនផងដែរ ដោយមានចំនួន១៣,៧៧១លានដុល្លារ៕