(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ចែកអំណោយជាសម្ភារប្រើប្រាស់ក្នុងផ្ទះជូនកម្មករ កម្មការិនី ប្រមាណ២,០០០នាក់ នៅរោងចក្រហីរូតា ដែលមានទីតាំងស្ថិតនៅឃុំវល្លិស ស្រុកសំរោងទង។
ក្នុងឱកាសនោះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ដោយកត្តាសន្តិភាព និងដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទើបបងប្អូនកម្មករ កម្មាការិនី មានឱកាសបានជួបជុំគ្នាគ្រប់កម្មវិធីជាតិធំៗ និងបុណ្យអន្តរជាតិជាច្រើនផងដែរ។
លោកអភិបាលបន្តថា ដោយសារតែការអភិវឌ្ឍ និងមានសន្តិភាពពេញលេញបានធ្វើយើងទាំងអស់គ្នា មានការងារធ្វើទទួលបានផលកម្រៃបៀរវត្សន៍ខ្ពស់ រស់នៅដោយភាពសម្បូរសប្បាយ សុខដុមរម្យនា ជាការពិតសព្វថ្ងៃមានសម្ភារពេញនិយមប្រើប្រាស់គ្រប់លំនៅដ្ឋាន កត្តានេះរាជរដ្ឋាភិបាលទាមទារចាំបាច់ ត្រូវកសាងបន្ថែមគ្រប់ហេដ្ឋារចនាសម័ន្ធ ដើម្បីតម្រូវការចាំបាច់ជូនពលរដ្ឋ៕