(ភ្នំពេញ)៖ លោក ស៉ីម តារា ដែលមានឈ្មោះល្បី ត្រូវបានគេស្គាល់ទូទៅថា ជាគ្រូបណ្តុះបណ្តាលជំរុញទឹកចិត្ត និងអ្នកបង្វឹកអំពីភាពជោគជ័យ ឲ្យក្លាយជាអ្នកជំនួញ វិនិយោគិន និងជាអ្នកដឹកនាំអាជីវកម្មវ័យក្មេង ឬហៅថា Young CEO នោះធ្លាប់តែបង្ហោះរូបភាពនិងខ្លឹមសារ ទាក់ទងនឹងការបណ្តុះបណ្តាល នៅលើវេទិកាតែប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីឃើញលោក បង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបញ្ជាក់ពីការធ្វើក្រុងពាលី អមដោយខ្លឹមសារគួរឲ្យចាប់អារម្មណ៍ បង្កប់ដោយអត្ថន័យផងដែរ។
លោក ស៉ីម តារា បានបញ្ជាក់ថា «ខ្ញុំមិនមានជំនាញឌីសាញប្លង់អ្វីទេ តែខ្ញុំមានក្រុម (Team) ដែលជាអ្នកមានជំនាញរចនា និងឌីសាញប្លង់ស្ថាបត្យកម្មជាង ១០ឆ្នាំមកហើយ និងធ្លាប់ធ្វើការឲ្យបូរីធំៗមកផងដែរ។ ខ្ញុំមិនមានជំនាញសាសង់ ឬជាអាំងស៊ីញ័រអ្វីទេ តែខ្ញុំមាន Team ដែលជាអាំងស៊ីញ័រ មានក្រុមហ៊ុនម៉ៅការសាងសង់វីឡា និងអាគារខ្ពស់ៗជាច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ»។
លោកបន្តថា «ខ្ញុំក៏មិនមានជំនាញគូសប្លង់ និងបំបែកប្លង់ ឲ្យត្រូវទៅតាមស្តង់ដារ និងច្បាប់របស់ក្រសួងគ្រប់គ្រងដែនដី និងនគររូបនីយកម្មដែរ តែខ្ញុំមាន Team ដែលមានជំនាញនេះជាង១០ឆ្នាំមកហើយផងដែរ...។ អ្វីដែលខ្ញុំមានគឺក្តីសុបិន...ប្រជាជនខ្មែរគ្រប់រូប អាចរស់នៅក្នុងស្តង់ដារមួយកម្រិតទៀត ជាមួយគំរូផ្ទះ ដែលមានការរចនាបែបទំនើប ទាន់សម័យទៅតាមការវិវឌ្ឍនៃបច្ចេកវិទ្យា សំណង់មានគុណភាពរឹងមាំ លំហទីធ្លាប្រើប្រាស់ទូលាយ និងងាយស្រួល ហេដ្ឋារចនាសម្ព័ន្ធ មានបរិស្ថានរស់នៅល្អ... នេះជាក្តីសង្ឃឹមខ្ញុំ និងក្រុមរបស់ខ្ញុំ»។
ខ្លឹមសាររបស់លោក ស៉ីម តារា ដែលធ្លាប់តែនិយាយពីសកម្មភាពបង្រៀនអ្នកជំនួញ តែប្តូរទៅជាការនិយាយ រឿងលំនៅស្ថាននេះ ធ្វើមានចាប់អារម្មណ៏ ក៏ដូចជាមានមន្ទិលសង្ស័យពីមហាជន។ មហាជន មានសំណួរថា តើលោក ស៉ីម តារា មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ កសាងលំនៅដ្ឋានជាបូរី ឬយ៉ាងណា?
ថ្លែងមកកាន់ភ្នាក់ងារ Fresh News តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ, លោក ស៉ីម តារា បានប្រាប់ថា លោកពិតជាមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន បែបវីឡាកូនកាត់ នៅតំបន់ក្បែរភ្នំរាបមែន ប៉ុន្តែគម្រោងនេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ព្រោះកំពុងតែសិក្សារលើប្លង់មេ ក៏ដូចជាតម្លៃវិនិយោគ និងស្ថានភាពទីផ្សារទូទៅ នៅតំបន់នោះសិន។
លោក ស៉ីម តារា បានបញ្ជាក់ថា «ម្សិលមិញខ្ញុំបានទៅធ្វើពិធីក្រុងពាលី បើកការដ្ឋានឈូសឆាយដី ដើម្បីត្រៀមលក្ខណៈធ្វើការអភិវឌ្ឍ គម្រោងអចលនទ្រព្យមួយ មានដីឡូតិ៍ មានលំនៅស្ថាន នៅតំបន់ភ្នំរាប តែនៅមិនទាន់ច្បាស់ការទេ ដោយសារទើបតែគូសប្លង់រចនាសិន»។
លោកបន្តថា «ឥឡូវនេះកំពុងគូសប្លង់ Master Plan រៀបចំផ្ទះឲ្យបានស្អាត សង់តាមស្តង់ដារសំណង់។ បងចង់ឲ្យពលរដ្ឋយើង មានផ្ទះស្អាតៗរស់នៅ និងតម្លៃសមរម្យ ហើយព័ត៌មានលម្អិតអីទៀតនោះ មិនទាន់រួចរាល់ទេ»៕