(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានក្រើនរំលឹកមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យគិតគូរឡើងវិញពីឥរិយាបទនៅក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យមន្ត្រី ត្រូវបម្រើប្រជាពលរដ្ឋមករកសេវាឲ្យអស់ពីកម្លាំងកាយចិត្ត ព្រោះនេះគឺជាភារកិច្ច និងជាតម្លៃនៃការងារ របស់មន្ត្រីរាជការគ្រប់ៗរូប ដែលត្រូវតែធ្វើការងារនោះ ដោយមិនខ្លាចនឿយហត់ឡើយ។ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពទាំងអស់ មិនត្រូវធ្វើសកម្មភាពទាំងឡាយណា ដែលធ្វើឲ្យប្រជាពលរដ្ឋបាក់ទឹកចិត្ត លែងចង់មកប្រើសេវាសាធារណៈ បន្តទៀតនោះទេ។
លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ឥរិយាបទ ដែលចាត់ទុកថា យើងជាមន្ត្រីផ្តល់សេវាច្រើន ជូនដល់ប្រជាពលរដ្ឋ សូមឲ្យឥរិយាបទ សម្តីសម្តៅគ្រប់បែបយ៉ាង មេត្តាគិតគូរថ្លឹងថ្លែងថា ឪពុកយើង ម្តាយយើង លោកយាយយើង គាត់ទៅរកសេវាមេត្តាហៅរកឲ្យបានមុន និងផ្តល់ការគាំទ្រ និងលើកទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវផ្តល់សេវាជូនគាត់ ឲ្យគាត់សប្បាយរីករាយ ដោយចាត់ទុកថា ទោះបីហត់នឿយប៉ុណ្ណា គឺយើងស៊ូ ជាភារកិច្ច ជាមោទនភាព ដែលរាជរដ្ឋាភិបាលប្រគល់ភារកិច្ចនេះឲ្យយើង»៕