(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលប្រចាំការនៅតាមធនាគារ ឬគ្រិះស្ថានហរិញ្ញវត្ថុ ត្រូវចេះសង្កេតមើលអត្ដចរិកបុគ្គល ដែលចេញចូលក្នុងធនាគារ ព្រោះក្រែងមានបំណងមិនល្អ។
ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី១០ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា នៅពេលឃើញមានហេតុការណ៍ណាដែលគួរឲ្យសង្ស័យ នៅក្នុងគោលដៅរបស់ខ្លួនដែលកំពុងការពារ ត្រូវតែរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ ដើម្បីមានវិធានការជួយអន្ដរាគមន៍បានទាន់ពេលវេលា។
ក្នុងវគ្គបំប៉នដែលមានសិក្ខាកាមជាសន្ដិសុខឯកជន ជិត២០០នាក់ចូលរួមនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដល់កងកម្លាំងនគរបាលជាតិ និងជាអ្នកការពារថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅនឹងកន្លែងផ្ទាល់ជាមួយប្រជាពលរដ្ឋ ដូច្នេះបើភ្នាក់ងារសន្ដិសុខឯកជនមានវិជ្ជាជីវៈច្បាស់លាស់នោះ វានឹងធ្វើឲ្យប្រសើរឡើង នូវការចូលរួមថែរក្សាសន្ដិសុខ បានយ៉ាងល្អប្រសើរ។
លោកប្រធាននាយកដ្ឋានរូបនេះ បានលើកទឹកចិត្តឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ សូមរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន នៅរាល់គ្រប់បទល្មើស ដែលកើតមានឡើងនៅតាមគោលដៅ ដែលខ្លួនកំពុងតែយាមកាម ហើយព័ត៌មានទាំងអស់នឹងត្រូវរក្សាការសម្ងាត់ជូន ព្រមទាំងផ្ដល់នូវរង្វាន់ លើកទឹកចិត្តផងដែរ។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានពន្យល់ផងដែរថា ពាក្យថាកម្លាំងជំនួយ គឺត្រូវចាំថាខ្លួនមិនមែនជាសមត្ថកិច្ចទេ ដូច្នេះមិនត្រូវធ្វើអ្វីឲ្យលើសពីតួនាទីរបស់ខ្លួនឡើយ ហើយត្រួវសម្រួលសហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា ហើយលោកអះអាងថា ការរារាំងណាមួយ ឬការអនុវត្តតួនាទីលើសពីភារកិច្ចរបស់ខ្លួន អាចនាំឲ្យកើតមានជាបទល្មើសផ្សេងមួយទៀត។
បើតាមលោកប្រធាននាយកដ្ឋាន កត្ដាទាំងអស់នេះហើយ បានជាក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់បំផុត លើវិស័យសន្ដិសុខឯកជនមួយនេះ ដែលជាវិស័យមួយមានការរីកចម្រើនយ៉ាងខ្លាំង ស្របតាមប្រទេសជាតិធ្វើឲ្យការអភិវឌ្ឍលើគ្រប់វិស័យ។
ជាមួយនឹងវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានណែនាំឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជាមានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សាធារណៈ និងសង្គមជាតិទាំងមូល៕