(ចិន)៖ ចិន បានបើកដំណើរការ ប្រព័ន្ធត្រួតពិនិត្យគយ២៤ម៉ោងមួយ នៅឯស្នាក់ការគយហ័ងភូ ក្នុងខេត្តគ័ងតុង ភាគខាងត្បូងប្រទេសចិន។ នេះគឺជាប្រព័ន្ធត្រួតពិនិត្យគយ បែបឆ្លាតវៃ២៤ម៉ោង ដំបូងគេបង្អស់ ដែលមិនធ្លាប់មាននៅប្រទេសចិន។
មុខងារដ៏សំខាន់មួយ របស់ប្រព័ន្ធត្រួតពិនិត្យគយ២៤ម៉ោងនេះ គឺដំណើរការដោយប្រើបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (អេអាយ) សម្រាប់ជំនួសឲ្យការត្រួតពិនិត្យ ដោយមន្ត្រីគយជាមនុស្ស នៅតាមកំពង់ផែ។
លោក ធាន សុង ប្រធានផ្នែកត្រួតពិនិត្យរថយន្ត ស្នាក់ការគយ ហ័ងភូ បានឲ្យដឹងថា «ដោយប្រើម៉ាស៊ីនកាំរស្មីអ៊ីច មន្ត្រីរបស់យើងត្រូវចំណាយពេលពី២០ ទៅ៣០នាទី ដើម្បីស្គែនឯកសារមួយ។ តែឥឡូវ ដោយប្រើបច្ចេកវិទ្យាអេអាយ ការស្គែនមួយលើក ស៊ីពេលត្រឹមតែ៥.២វិនាទីប៉ុណ្ណោះ ហើយជាមធ្យម គឺវាស៊ីពេលប្រហែល៥វិនាទីនេះឯង»។
ប្រព័ន្ធឆ្លាតវៃនេះ អនុញ្ញាតឲ្យក្រុមហ៊ុនទាំងឡាយ អាចបំពេញឯកសារដោយខ្លួនឯង នៅឯកំពង់ផែ ដោយមិនចាំបាច់មានមន្ត្រីគយ មកចាំមើលនោះទេ។ កត្តានេះជួយកាត់បន្ថយបានយ៉ាងច្រើន នូវពេលវេលាក៏ដូចជាថ្លៃចំណាយ ទៅលើដំណើរការនៃការត្រួតពិនិត្យគយនេះ។
លោក ហ័ង ហាយហ្វឹង អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកដឹកជញ្ជូន ក្រុមហ៊ុន Jabil Circuit Guangzhou Ltd បាននិយាយថា «បើសិនជាយើងអាចយកទំនិញ មកត្រួតពិនិត្យនៅស្នាក់ការគយ នៅពេលណាក៏បាននោះ វាបានន័យថា ក្រុមហ៊ុនទាំងឡាយ នឹងចំណេញពេលវេលា បានពី១ ទៅ២ថ្ងៃ ពីការដឹកជញ្ជូនទំនិញរបស់គេ»។
បើយោងតាមលោកធានបច្ចេកវិទ្យាអេអាយ ដែលគេបានបំពាក់ទៅក្នុងប្រព័ន្ធនេះ ក៏ជួយធ្វើឲ្យការតាមដាន ដំណើរការនៃការងារផ្នែកគយ កាន់តែមានប្រសិទ្ធភាពជាងមុនផងដែរ។
លោក ធាន សុង ប្រធានផ្នែកត្រួតពិនិត្យរថយន្ត ស្នាក់ការគយ ហ័ងភូ បានលើកឡើងថា «បច្ចុប្បន្ន ប្រព័ន្ធរបស់យើង អាចសម្គាល់ទូកុងធេន័រ បានច្បាស់ដល់ទៅជាង៩៨ភាគរយឯណោះ។ ហើយទៅថ្ងៃមុខទៅ នៅពេលដែលប្រព័ន្ធនេះ ស្វ័យសិក្សាដោយខ្លួនឯងបន្តិចម្ដងៗ វានឹងអាចសម្គាល់បានកាន់តែច្បាស់ជាងនេះទៅទៀត»។
កាលពីមុន មន្ត្រីគយត្រូវចំណាយពេលយ៉ាងហោចណាស់ក៏៣ម៉ោងដែរ ដើម្បីបញ្ជូនទូកុងធេន័រពីកប៉ាល់ ទៅកាន់កន្លែងត្រួតពិនិត្យ។ តែជាមួយនឹងប្រព័ន្ធឆ្លាតវៃនេះ គេចំណាយពេលតិចបំផុត។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក ធាន សុង។
លោក ធាន សុង ប្រធានផ្នែកត្រួតពិនិត្យរថយន្ត ស្នាក់ការគយ ហ័ងភូ បានឲ្យដឹងផងដែរថា «ឥឡូវ វាស៊ីពេលពី២០នាទី ទៅ១ម៉ោង ដើម្បីបញ្ជូនទូកុងធេន័រ ពីកប៉ាល់ទៅកាន់កំពង់ផែ។ សមិទ្ធិផលនេះ កើតចេញពីការដែលយើង ប្ដូរពីការប្រើមនុស្ស មកប្រើម៉ាស៊ីនវិញ។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនចំនួន១៦៤ស្ថាប័នដែលមានកេរ្តិ៍ឈ្មោះល្អនៅតំបន់គយហ័ងភូ មានសិទ្ធប្រើប្រព័ន្ធថ្មីនេះ»៕ (សារព័ត៌មាន CCTV របស់ចិន)