(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត បានថ្លែងថា ច្បាប់មានប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាព គឺផ្តើមចេញពីកត្តាមនុស្ស មិនមែនផ្តើមចេញពីអ្នកតាក់តែងច្បាប់នោះទេ ដូច្នេះកត្តាមនុស្សគឺជាកត្តាកំណត់។
លោកអភិបាលខេត្ត បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្ត ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀននព្វមាស ប្រចាំឆ្នាំ២០១៨ ដោយបានការចូលរួម ពីលោកអភិបាលរងខេត្តទទួលបន្ទុក លោកព្រះរាជអាជ្ញារង ប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល និងអធិការក្រុងស្រុក មេឃុំចៅសង្កាត់ និងមេប៉ុស្តិ៍ទាំង៤៩ឃុំសង្កាត់ ទូទាំងខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានថ្លែងទៀតថា ក្នុងនាមមន្ត្រីនគរបាលនៅក្នុងមូលដ្ឋាន ត្រូវចាកចេញឲ្យផុត ពីការបង្កលក្ខណៈឲ្យបទល្មើសគ្រឿងញៀនកើតឡើង ត្រូវចូលរួមត្រួតពិនិត្យមុខសញ្ញាជួយដូរ ថាតើវាកើតចេញពីចំណុចណា។
លោកបានសង្កត់ធ្ងន់ថា ច្បាប់មានប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាព គឺផ្តើមចេញពីកត្តាមនុស្ស មិនមែនផ្តើមចេញពីអ្នកតាក់តែងច្បាប់នោះទេ ដូច្នេះកត្តាមនុស្សគឺជាកត្តាកំណត់ ក្នុងការអនុវត្តច្បាប់ បើមនុស្សមិនមុតស្រួច គ្មានឆន្ទះ គ្មានមនសិក្កា គ្មានក្រមសីលធម៌ និងគ្មានភាពចាស់ទុំទេនោះ មានច្បាប់គឺនៅតែឥតប្រយោជន៍ដែរ ហើយការអនុវត្តន៍ច្បាប់ គឺត្រូវឈរនៅលើមូលដ្ឋានសុក្រឹត និងយុត្តិធម៌។
លោកបានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសមន្ត្រីនគរបាលយុត្តិធម៌នៅមូលដ្ឋាន ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ដោយអនុវត្តន៍ច្បាប់ទៅតាមក្រមសីលធម៌ភាពជាចាស់ទុំ ប្រើប្រាស់ភ្នែកឲ្យបានច្រើនជាងត្រចៀក មានជំហរសុក្រឹត និងយុត្តិធម៌ ធ្វើយ៉ាងណាឲ្យមូលដ្ឋានមានភាពស្ងប់ស្ងាត់ គ្មានការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀន។
ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកមិនចង់បានរបាយការណ៍ ដែលពាក់ព័ន្ធនឹងសកម្មភាពនៃការបង្ក្រាបបទល្មើសគ្រប់ប្រភេទនោះឡើយ ពោលគឺចង់បានតែរបាយការណ៍នៃភាពស្ងប់ស្ងាត់ ដែលមូលដ្ឋាននោះទទួលបាន ក្រៅពីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
លោកបានបន្ថែមទៀតថា អំណាចដែលមាន ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាព ក្នុងការដាក់ទោសបុគ្គល ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ និងត្រូវប្រើប្រាស់ភ្នែក ឲ្យបានច្រើនជាងត្រចៀក ដោយមិនជ្រកក្រោមដំបូល របស់បទល្មើសនោះឡើយ។
លោកបានបន្តថា ស្រុកមានសុខសន្តិភាពពេញលេញមកដល់ពេលនេះ គឺដោយសារសម្តេចតេជោ បានយកជីវិតមកប្តូរ ដើម្បីឲ្យមាតុភូមិយើងសុខសាន្ត ក៏ប៉ុន្តែពុកម៉ែប្រជាពលរដ្ឋ បែរជាមិនបានសុខ ដោយសារតែគ្រឿងញៀន។ ដូច្នេះត្រូវចូលរួមលុបបំបាត់ការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀនឲ្យបានទាំងអស់ ស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច៕