(ភ្នំពេញ)៖ យុវជន និងយុវតី៣នាក់បានជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនជ្រុលចង្កូតទៅបុកជាមួយរថយន្តដឹកដីធុនធំ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ ហម រតនៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកឯយុវតីចំនួន២នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនចំនួន៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FC-2971 ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណ:ពេលធ្វើដំណើរមកដល់ ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តដឹកដីធុនធំ មួយគ្រឿង ម៉ាក Nissan UD ពណ៌លឿង ពាក់ស្លាកលេខចង្កូតស្តាំPP-1527 ជារបស់ក្រុមហ៊ុន អិល អិន អេស ខេ ខនស្ទ្រាក់សិន បានធ្វើដំណើរក្នុងទិសដៅពីលិចមកកើត។
លុះមកដល់ចំណុចផ្លូវជាតិលេខ៥ រថយន្តខាងលើបានបត់ឆ្វេងដៃ ភ្លាមៗនោះស្រាប់តែឃើញយុវជន ៣នាក់ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកពាក់កណ្ដាលរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯយុវតី២នាក់ទៀត ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះ។ ក្រោយពីកើតហេតុ ម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តនៅនិងកន្លែងកើតហេតុតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះមកដល់ទីតាំងកើតហេតុ និងបានទំនាក់ទំនងហៅសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង និងនាំយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅរក្សាទុក នៅការិយាល័យជំនាញ ដើម្បីរង់ចាំធ្វើការដោះស្រាយ។
ចំណែកឯសាកសពជនរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕