(ភ្នំពេញ)៖ លោក រស់ មុនិន្ទ ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម បានចេញមកពន្យល់យ៉ាងលម្អិត ជុំវិញលក្ខណៈពិសេសជាច្រើនដល់សាធារណជន ពាណិជ្ជករ ក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្ម តាមយន្តការមជ្ឈត្តការ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ ក្នុងកម្មវិធីភ្ញៀវពិសេសរបស់ទូរទស្សន៍ Fresh News លោក រស់ មុនិន្ទ បានញ្ជាក់យ៉ាងច្បាស់ថា ការដោះស្រាយវិវាទ នៅមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម គឺធានាបាននូវគោលការណ៍ យុត្តិធម៌ពីធម្មជាតិ។
លោកបានថ្លែងយ៉ាងដូច្នេះថា «ការដោះស្រាយជម្លោះនៅមជ្ឈមណ្ឌលជាតិមជ្ឈត្តការពាណិជ្ជកម្ម យើងថ្លឹងឲ្យស្មើគ្នា បានន័យថា ធានាឲ្យបាននូវគោលការណ៍យុត្តិធម៌ធម្មជាតិ»។
គិតមកដល់ឆ្នាំ២០១៨ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម បានទទួលសំណុំរឿងចំនួន១៣ ក្នុងនោះដោះស្រាយរួចរាល់២សំណុំរឿងរួចហើយ។ សំណុំរឿងហាក់បីដូចជានៅតិចនៅឡើយ ប៉ុន្តែលោក រស់ មុនិន្ទ អះអាងថា បើតាមអ្នកជំនាញរបស់ប្រទេសផ្សេងៗ ដែលមានបទពិសេស បានលើកសរសើរពី មជ្ឈមណ្ឌលជាតិមជ្ឈត្តការពាណិជ្ជកម្មទៅវិញ ព្រោះថាទើបតែចាប់កំណើតឆ្នាំ២០១៣សោះ អាចទទួលបានសំណុំរឿងប៉ុណ្ណឹងទៅហើយ ដែលជាការជោគជ័យមួយ៕
ព័ត៌មានលម្អិតសូមទស្សនាវីដេអូ នៃកិច្ចសម្ភាសន៍ទាំងស្រុងដូចខាងក្រោម៖