(ព្រះសីហនុ)៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ មាននាវាទេសចរណ៍ចំនួន ០១គ្រឿង មកពីកំពង់ផែប្រទេសសិង្ហបុរី បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។
Facebook ផ្លូវការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៨៖០ព្រឹក មាននាវាទេសចរណ៍ចំនួន ០១គ្រឿង ឈ្មោះ Costa Fortuna ដែលជានាវាទី៣៤ មកពីកំពង់ផែសិង្ហបុរី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ»។
យោងតាម Facebook ដដែល បានឲ្យដឹងបន្តថា «នាវាទេសចរណ៍នេះ មានផ្ទុកអ្នកដំណើរចំនួន ២,៧៩៥នាក់ (ស្រី ១,៤៩៩នាក់) និងនាវិកចំនួន ៩៧៥នាក់ (ស្រី១៥០នាក់)។ នាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង១៨៖០០ល្ងាចថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ»៕