(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា សុខសន្តិភាពមានតម្លៃធំធេងណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ព្រមទាំងកងយោធពលខេរភូមិន្ទ ដែលនាំមកដោយសារគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យភាគីជម្លោះខ្មែររវាងខ្មែរ បង្រួបបង្រួមគ្នាទាំងស្រុងនៅឆ្នាំ១៩៩៨ រហូតមកពេលបច្ចុប្បន្ននេះ។
ការលើកឡើងបែបនេះរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីភាពពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហាន ថ្នាក់កងអនុសេនាទោ និងកងអនុសេនាធំទ័ពជំនាញ ជំនាន់ទី០៣ ស្ថិតនៅវិទ្យាស្ថានទ័ពជើងគោក (ថ្លុកតាសេក) ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ក៏បានរំលឹកពីប្រវត្តិសាស្ត្រខ្លះជូនទៅ នាយទាហានដែលជាសិក្ខាកាមថា ប្រទេសកម្ពុជា គឺបានរងទុក្ខវេទនារាប់រយឆ្នាំមកហើយ រហូតមកដល់ពេលនេះ ទើបតែទទួលបានសន្តិភាពនោះទេ។ ដូចនេះហើយយើងទាំងអស់គ្នា ត្រូវតែរួមគ្នា ថែរក្សាសន្តិភាពនេះ មិនអាចធ្វើឱ្យសុខសន្តិភាពនេះ បានបាត់បង់ទៅវិញនោះទេ យើងត្រូវតែរួមគ្នាថែរក្សាវា ឱ្យបានគង់វង្ស មិនមែនយើងនិយាយបានតែមាត់នោះទេ យើងត្រូវតែគិតថា យើងជាពលរដ្ឋម្នាក់ យោធាម្នាក់ យើងត្រូវតែដឹងថា ត្រូវធ្វើអ្វីខ្លះ ជាក់ស្តែងដើម្បីថែរក្សាសន្តិភាពបានលុះណាតែ នៅពេលឃើញអ្នកណាក៏ដោយ ឱ្យតែមានឧបាយកល បង្ករនូវអស្ថេរភាព និងធ្វើឱ្យកម្ពុជា ឈានទៅដល់ការបែកបាក់ស្ថិរភាព យើងត្រូវតែប្រឆាំងជាដាច់ខាត ហើយត្រូវប្រាប់ពួកគេថា មិនត្រូវយកភាពថ្នាំងថ្នាក់ផ្ទាល់ខ្លួនបន្តិចបន្តួច មកបំផ្លាញសុខសន្តិភាព ដែលរកបានយ៉ាងពិបាកជាទីបំផុតនោះ។
មន្ត្រីជាន់ខ្ពស់កងទ័ពកម្ពុជារូបនេះ បានបន្ថែមទៀតថា សុខសន្តិភាពដែលបានមកដល់ពេលនេះ គឺបានមកដោយការធ្វើពលីកម្មច្រើនណាស់ ហើយអ្នកដែលពង្រឹងជាសរសសគ្រឹះនៃសុខសន្តិភាពនេះ គឺជាកងកម្លាំងប្រដាប់អាវុធនេះឯង ហើយកងកម្លាំងប្រដាប់អាវុធ ដើម្បីចូលរួមថែរក្សាសុខសន្តិភាពនៅពេលនេះ គឺត្រូវតែស្មោះត្រង់ជាមួយរដ្ឋាភិបាល ដោយមិនងាករេទេ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែស្មោះត្រង់ជានិច្ច ហើយការស្មោះត្រង់ជាមួយរដ្ឋាភិបាលនេះ មិនមែស្មោះបានតែមាត់នោះទេ គឺត្រូវតែស្មោះត្រង់អស់ពីបេះដូង អស់ពីចិត្តមិនមែនថា បានតែមាត់ ហើយបេះដូងមិនស្មោះត្រង់នោះទេ។
ការស្មោះត្រង់អស់ពីចិត្ត និងបេះដូងនេះ គឺសំដៅទៅដល់ការដែលមិនធ្វើខុសនឹងច្បាប់ មិនធ្វើអ្វីដែលខុសនឹងឆន្ទៈរបស់ប្រទេសកម្ពុជា ហើយឃើញអ្នកណាមានគំនិតអាក្រក់ មានបំណងចង់បំផ្លាញសុខសន្តិភាព យើងត្រូវតែហ៊ានរាយការណ៍ ហ៊ាននិយាយ ហ៊ានថា ហ៊ានពុះពារដើម្បីលុបបំបាត់អំពីបញ្ហានោះឱ្យបានដែលនេះ ហើយជាការស្មោះត្រង់អស់ពីចិត្តនោះ។
នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់យោធិនទាំងអស់ ត្រូវមានការស្មោះត្រង់នឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះត្រូវខិតខំកសាងជំនាញរបស់ខ្លួន ចូលរួមក្នុងការការពារបូរណភាពទឹកដី និងមានការសាមគ្គីឯកភាពគ្នា ដើម្បីការពារតម្លៃសុខសន្តិភាពដែលមាននាបច្ចុប្បន្ននេះ។ ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាត និងវាយបកនូវរាល់ឧបាយកលរបស់ជនអគតិមួយចំនួនតូចដែលចង់បំផ្លាញ់សុខសន្តិភាពកម្ពុជា៕