(កំពង់ធំ)៖ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានថ្លែងថា ដោយសារតែមានតម្រូវការនៃសិស្ស មានចំនួនកើនឡើងយ៉ាងច្រើន ទើបទាមទារឱ្យរដ្ឋាភិបាលត្រូវតែបង្កើតជាអគារសិក្សាថ្មីៗ ជូនប្រជាពលរដ្ឋដើម្បីឱ្យពួកគេអាចបញ្ជូនកូនឱ្យទៅចូលរៀន ដើម្បីចូលរួមកាត់បន្ថយអត្រាអនក្ខរជន ភាពមិនចេះអក្សរ ស្របតាមដាក់ចេញនូវគោលការណ៍ របស់រដ្ឋាភិបាល ដោយបង្ខិតសាលារៀនឲ្យមកនៅជិត សហគមន៍តាមមូលដ្ឋានរបស់ពលរដ្ឋ។
លោកបណ្ឌិត ងួន ញ៉ិល បានថ្លែងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកបានអញ្ចើញជាអធិបតី សម្ពោធបើកការដ្ឋានសាងសង់អគាសិក្សា១ខ្នង មាន៦បន្ទប់ ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា នៅភូមិក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ពិធីនេះដែរក៏មានការអមដំណើរដោយលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងគណៈប្រតិភូរួមដំណើរ ព្រមទាំងប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមប្រមាណ ៣,០០០នាក់ផងដែរ។
លោក ហាក់ មុងហូត អភិបាលស្រុកបារាយណ៍ បានអានរបាយការណ៍ស្តីពី ស្ថានភាពស្រុកបារាយណ៍ មាន១៨ឃុំ ស្មើនិង ១៨៨ភូមិ មានប្រជាពលរដ្ឋ ២០០.២៩៧នាក់ ស្រី ១០២,៦៧០នាក់ ផ្ទៃដីសរុប ១៣៦,០០០ហិចតា ក្នុងនោះមានភូមិ ឥស្លាមចំនួន២ ស្មើនិង ៨៣៩គ្រួសារ មានសាលារៀន ១៣៨សាលា ស្រុកបារាយណ៏បានទទួល អាងទឹក ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ឈ្មោះ អាងទឹក ហ៊ុនសែនទន្លេជុំ មានលទ្ធភាពស្រោចស្រពលើផ្ទៃ ២,៥០០ហិចតា។ ដោយមានសំណូមពរពីប្រជាពលរដ្ឋ សិស្សានុសិស្ស ភូមិក្រវ៉ា ស្រុកបារាយណ៍បានធ្វើឱ្យវិទ្យាល័យហ៊ុនសែនក្រវ៉ា ទទួលបានចំណងដៃថ្មីគឺអគារសិក្សា មួយខ្នង៦បន្ទប់ ដែលជាអំណោយរបស់ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។
លោកបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ថា ដោយតម្រូវការចាំបាច់ នូវកំណើនសិស្សជាច្រើន ក្នុងការចូលរៀនរហូតដល់ ១,៥០០នាក់ ទើបឈានដល់ការ សាងសង់អគារសិក្សាថ្មីនេះ តាមសំណូមពររបស់ប្រជាពលរដ្ឋ ព្រោះស្ថិតនៅក្នុងយុគសម័យអភិវឌ្ឍន៍ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលការណ៍ ដោយបង្ខិតសាលារៀនឲ្យមកនៅជិត សហគមន៍តាមមូលដ្ឋាន ដើម្បីកាត់បន្ថយអត្រាអនក្ខរជន គឺភាពមិនចេះអក្សរ ដល់ពលរដ្ឋទូទាំងប្រទេស ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ។
លោកបណ្ឌិត បានបន្តថា នៅក្នុងរយៈពេល៤០ឆ្នាំ នៃរបបថ្មី ដែលងើបចេញពីកំនរផេះផង់ ដែលចាប់ផ្តើមពីលេខសូន្យ ដែលជារបបខ្មែរក្រហមកម្ពុជា ប្រជាធិបតេយ្យប្រល័យពូជសាសន៍ ដែលមិនអាចនឹងប្រកែកបាននោះគឺ របបប្រល័យពូជសាសន៍ ប៉ុលពត បានគ្រប់គ្រងប្រទេសឆ្ពោះទៅកាន់សមុទ្រឈាម និងទឹកភ្នែក គ្មានសាលារៀន គ្មានមន្ទីរពេទ្យ ហើយនៅពេលឈានចូលដល់សម័យអភិវឌ្ឍន៍ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានខិតខំស្តារឡើងវិញនូវចំណុចសូន្យ រហូតមានអ្វីៗ ទាំងអស់ក្នុងពេល បច្ចុប្បន្ននេះ។
សូមជម្រាបថា ក្នុងឱកាសសម្ពោធបើកការដ្ឋានសាងសង់អគារសិក្សា នៅវិទ្យាល័យសម្តេចតេជោហ៊ុនសែននេះ លោកបណ្ឌិត ងួន ញ៉ិល បានប្រគេនទេយ្យទានព្រះមេគណខេត្តកំពង់ធំ និងបច្ច័យ ៨០ម៉ឺរៀល ព្រោះមេគណស្រុកបារាយណ៍ ៣០ម៉ឺនរៀល ព្រះចៅអធិការ៥អង្គ ទេយ្យទាន១ប្រអប់ ១០ម៉ឺនរៀល ឧបត្ថម្ភសាលាស្រុកបារាយណ៏ ១លានរៀល ឧបត្ថម្ភសាលាឃុំក្រវ៉ា ១លានរៀល យាយជី តាជី ១០០នាក់ ក្រណាត់សមួយដុំ ថវិកា ១ម៉ឺនរៀល ប្រជាពលរដ្ឋ ២,០០០នាក់ ទទួលបានសារ៉ុងមួយ លោកគ្រូអ្នកគ្រូ ១០២នាក់ ទទួលបាន ២ម៉ឺនរៀល ឧបត្ថម្ភកាកបាទក្រហម និងកាយរិទ្ធ ៥០នាក់ ម្នាក់១ម៉ឺនរៀល ឧបត្ថម្ភសិស្សានុសិស្ស វិទ្យាល័យហ៊ុនសែន ក្រវ៉ា ១,៥៣០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ១ក្បាល ប៊ិច១ ថវិកា ៥០០០រៀល៕