(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបញ្ជាឲ្យមន្ត្រីសុរិយាដី គ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំតំបន់វិនិច្ឆ័យ វាយតម្លៃក្បាលដី ឲ្យបានច្បាស់លាស់ នៅតាមតំបន់ដី ដែលបានចុះបញ្ជី ដើម្បីឲ្យអគ្គនាយកដ្ឋានពន្ឋដារ អាចប្រមូលពន្ឋបានច្រើនចូលរដ្ឋ។
ការបញ្ជារបស់លោករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការវាយតម្លៃដីធ្លីនេះ បើយើងមិនធ្វើការលាតត្រដាងនោះទេ រដ្ឋនឹងបាត់ចំណូលពន្ធលើបញ្ហាដីធ្លីជាច្រើន នឹងក៏មានករណីកើតឡើងលើបញ្ហាដីធ្លីនេះមិនតិចតួចផងដែរ ទាក់ទងការប្តូរប្លង់ ឬកាត់ប្លង់ជាដើម»។
លោកបានបន្តថា «ចាប់ពីពេលនេះទៅ ប្រធានភូមិបាលទាំងអស់នៅទូទាំងប្រទេស ត្រូវរៀបចំតំបន់វិនិច្ឆ័យ វាយតម្លៃក្បាលដីឲ្យបានច្បាស់លាស់ នៅតាមតំបន់ដីដែលបានចុះបញ្ជីរួចរាល់ ដើម្បីចៀសវាងការបាត់បង់ថវិកាចំណូលពន្ធចូលរដ្ឋ»។
បើតាមលោករដ្ឋមន្ត្រី កន្លងមកភូមិសាស្ត្រដីធ្លីបានប្តូរប្រភេទដីពីដីកសិកម្ម ទៅជាដីឧស្សាហកម្ម ដីលំនៅឋាន និងដីផ្សារជាច្រើន ប៉ុន្តែបច្ចុប្បន្នដីកសិកម្មបានក្លាយទៅជាដីឧស្សាហកម្ម និងដីបុរីស្ទើរតែអស់ទៅហើយ ចំណែកការអនុវត្តន៍តាមផ្លូវច្បាប់វិញ នៅតែចុះបញ្ជីជាដីកសិកម្មដដែល។
យោងតាមរបាយការណ៍របស់ក្រសួង ដែលត្រូវបានបង្ហាញក្នុងសន្និបាត បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨នេះ ចំណូលបានមកពីសេវាសុរិយោដី សេវាសំណង់ ពីការជួលទីតាំងរោងចក្រ សហគ្រាស និងបានពីពន្ធលើការផ្ទេរអចលនទ្រព្យ ដែលប្រមូលនៅអង្គភាពពន្ធដារ មានចំនួន ៣៩០,៤៧៦,៤៤២,៧១១រៀល ស្មើនឹងជិត៩៨លានដុល្លារអាមេរិក។
ជាមួយគ្នានេះ ចំណូលទទួលបានពីការផ្តល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ មានចំនួនសរុប ៧៨,៥១៧,៦៧១,២៤៧រៀល ស្មើនឹងជិត២០លានដុល្លារអាមេរិក៕