(សៀមរាប)៖ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយជាតិលេខ៦ ស្ថិតក្នុងសង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងបានចែកមួកសុវត្ថិភាពចំនួន២០០មួក និងសម្ភារស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកមួយចំនួនផងដែរ។
យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ក៏មានការចូលរួមជាអធិបតីភាពដោយ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ( គ.ស.ច.គ) និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ស្នងការនគរបាលខេត្តសៀមរាប កងរាជអាវុធហត្ថខេត្ត។
ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋផងដែរ។
ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះ បានចែកជូននូវសម្ភារៈមួយចំនួនដូចជា៖ ១. មួកសុវត្ថិភាព ២០០មួក (មួកសម្រាប់មនុស្សធំចំនួន ១៤០មួក មួកសម្រាប់កុមារចំនួន ៦០មួក), ២. សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៥០០ក្បាល, ៣. សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៥០០ក្បាល, ៤. ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ១,០០០ច្បាប់, និង៥. ផ្លិតសុវត្ថិភាព (ជំហ៊ានសុវត្ថិភាព) ២៥០ផ្លិតផងដែរ៕