(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅកម្ពុជាលោក Wang wentian បានលើកឡើងថា ប្រទេសលោកខាងលិចតែងតែព្យាយាមយករឿងតូចតាចមកលាបពណ៌ និងបំប៉ោងធ្វើជារឿងធំ ក្នុងបំណងធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងរវាងចិន និងកម្ពុជា។ ប៉ុន្តែរឿងរ៉ាវទាំងនោះត្រូវបានកម្ពុជា និងចិន រួមគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត បានធ្វើឡើងក្នុងពេលរូបលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។
បើតាមលោក កេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនោះក្រៅពីការពិភាក្សាលើការងារពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរទៅទាំងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឯកអគ្គរដ្ឋទូត ក៏បានលើកអំពីបញ្ហាមួយចំនួន ដែលនាំឲ្យល្អក់កករដល់ទំនាក់ទំនងប្រទេសទាំងពីរផងដែរ។
ការផ្សព្វផ្សាយនូវព័ត៌មានថា កម្ពុជាផ្តល់ទីតាំងសម្រាប់កងទ័ពរបស់ចិន ក៏ដូចជាបញ្ហារបស់ជនជាតិនៅក្នុងខេត្តព្រះសីហនុជាដើម ត្រូវបានចាត់ទុកជាព័ត៌មានមួយធ្វើឲ្យមានបញ្ហា ដល់ទំនាក់ទំនងរវាងកម្ពុជា និងចិន។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក Wang wentian បានចាត់ទុកព័ត៌មានទាំងអស់នេះ គឺជាចេតនាមិនល្អមួយរបស់បណ្តាប្រទេសដែលចង់បំផ្លាញទំនាក់ទំនងកម្ពុជា និងចិន។
លោក កេត សុផាន់ បានដកស្រង់សម្តីរបស់ឯកអគ្គរដ្ឋទូតចិនមកបញ្ជាក់ក្រុមអ្នកព័ត៌មានយ៉ាងដូច្នេះ «ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ច្បាស់ថា លោកខាងលិច តែងតែលាបពណ៌ធ្វើឲ្យល្អក់កករសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ប៉ុន្តែយើងបានសហការគ្នាជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហានេះ»។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្រលស្របចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ហើយបានបញ្ជាក់តបថា «ជាធម្មតាទេ ប្រទេសដែលគេមិនសប្បាយចិត្ត គេតែងតែយករឿងតូចតូចបំប៉ោងជារឿងធំ។ តែតាមពិតជាក់ស្តែងការវិនិយោគធំបែបនេះ គឺបាននាំមកនូវផលប្រយោជន៍ដល់កម្ពុជា និងចិន»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យ។
នៅក្នុងជំនួបព្រឹកមិញលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ជំនួយដល់ប្រទេសកម្ពុជា។ ជំនួយទាំងនេះបានធ្វើឲ្យកម្ពុជាមានឯករាជ្យ និងអធិបតេយ្យពេញលេញក្នុងការបំពេញការងាររបស់ខ្លួន៕