(ភ្នំពេញ)៖ សមាជិកភាពសាធារណរដ្ឋកូរ៉េ បានប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសកាន់តែជឿនលឿនឆាប់ៗខាងមុខនេះ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកស្រី ឃួន សុដារី អនុប្រធានទី១នៃរដ្ឋសភា ជាមួយគណៈប្រតិភូគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ កូរ៉េ ដែលដឹកនាំដោយ លោក Joo kwang Deok សមាជិករដ្ឋសភា លើកទី២០ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២៥ ធ្នូឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។
លោកស្រី ឃួន សុដារី បានលើកឡើងពីកិត្យានុភាពរបស់សាធារណរដ្ឋកូរ៉េ ដែលមានភាពល្បីល្បាញលើកឆាកអន្តរជាតិ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់ថ្នាក់ដឹកនាំកូរ៉េ ហើយសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការការពារ និងអភិវឌ្ឍប្រទេសឆ្ពោះទៅកាន់ភាពសំបូររុងរឿង។
លោកស្រីអនុប្រធានទី១នៃរដ្ឋសភាតំណាងសម្តេចហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ជូន ប្រតិភូជាថ្មីទៀតថា ជានិច្ចកាលព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវជំហរគាំទ្រ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងតំបន់ក៏ដូចជាសកលោក។ បន្ថែមទៅទៀតនោះ គឺព្រះរាជាណាចក្រកម្ពុជាអបអរសាទរ និងគាំទ្រដល់គោលនយោបាយឆ្ពោះទៅទិសខាងត្បូង (New South Policy) របស់ប្រធានាធិបតី មូន ចាអ៊ីន (Moon Jae-in) ដែលបានផ្តោតសំខាន់លើចំណងកិច្ច សហប្រតិបត្តិជាមួយប្រទេសនៅអាស៊ី-អាគ្នេយ៍។
លោកស្រី ឃួន សុដារី បានគូសបញ្ជាក់បន្ថែមថា សម្រាប់ព្រះរាជាណាចក្រកម្ពុជា ទាំងរាជរដ្ឋាភិបាល និងសភា មានមោទនភាព និងក្តីរីករាយណាស់ ដែលបានអនុវត្តគោលនយោបាលការទូតយ៉ាងត្រឹមត្រូវ គឺការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ អន្តរជាតិរវាងព្រះរាជាណាចក្រកម្ពុជាជាមួយសាធារណរដ្ឋកូរ៉េ ដែលជាលទ្ធផលយើងសង្កេតឃើញថា សាធារណរដ្ឋកូរ៉េបានរួមចំណែកជាច្រើនដល់ការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោកស្រីបានលើកឡើងបន្ថែមថា ចំណងទាក់ទងសហប្រតិបត្តិការនេះ គឺផ្អែកលើមូលដ្ឋានគ្រឹះដ៏សំខាន់នៃការស្តារឡើងវិញនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ, ការចូលរួមវិនិយោគនូវកម្ពុជា, ការចូលរួមផ្តល់នូវជំនួយឥតសំណងជាច្រើនដល់កម្ពុជា លើវិស័យជាច្រើនដូចជា កសិកម្ម និងបច្ចេកទេស, ការជំរុញផ្នែកឧស្សាហកម្មកម្រិតខ្ពស់, ការអភិវឌ្ឍធនធានមនុ ស្សកម្ពុជាលើជំនាញជាច្រើន។
នៅក្នុងជំនួបនេះផងដែរ លោក ជូ វ៉ាងឌឿក (Joo Kwang Deok) បានលើកឡើងថា លោកពិតជាមានកិត្តិយស និងមោទនភាពណាស់ ព្រមទាំងថ្លែងអំណរគុណ ដែលលោកអនុប្រធានទី១នៃរដ្ឋសភា ដែលបានឆ្លៀតពេលវេលាពីការងារដ៏មមាញឹក ទទួលស្វាគមន៍គណៈប្រតិភូសភានៃសាធា រណរដ្ឋកូរ៉េយ៉ាងកក់កៅ្តនាពេលនេះ។
លោកបន្តថា កាលពី៥ឆ្នាំមុន លោកព្រមទាំងក្រុមគ្រួសារបានមកទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ដែលធ្វើឱ្យលោកមានអារម្មណ៍ថា ប្រទេសកម្ពុជា កំពុងតែមានការអភិវឌ្ឍ រីកចម្រើន ហើយលោកគិតថា ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសកាន់តែជឿនលឿនឆាប់ៗខាងមុខនេះ។
លោកគូសបញ្ជាក់ថា «ក្នុងនាមជាតំណាងរាស្ត្រនៃសភាសាធារណរដ្ឋកូរ៉េ លោកនឹងខិតខំប្រឹ ងប្រែងក្នុងការពង្រឹងពង្រីកចំណងទាក់ទងនៃសភាប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន ទៅមុខបន្ថែមទៀត»។
ក្នុងនាមសម្តេចប្រធានរដ្ឋសភា និងក្នុងនាមផ្ទាល់ លោកស្រី ឃួន សុដារី បានផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ នៃសាធារណរដ្ឋកូរ៉េទាំងអស់ និងសូមប្រសិទ្ធិពរ នាឱកាសចូលឆ្នាំសកលថ្មី សូមសមប្រកប ដោយសុខភាពល្អ និងរីករាយឆ្នាំថ្មី៕