(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានថ្លែងថា ក្រសួងបានខិតខំដោះស្រាយវិវាទដីធ្លីគ្រប់រូបភាព។ ន្ទឹមនឹងនេះ ក្រសួងបានខិតខំដោះស្រាយវិវាទដីធ្លី ដោយប្រើប្រាស់យន្តការគណៈកម្មការសុរិយោដី ក្រុមការងារដោះស្រាយវិវាទដីធ្លីក្រសួង និងបង្កើតក្រុមការងារដោះស្រាយវិវាទចល័តផងដែរ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា៖ «ក្រសួងបានខិតខំដោះស្រាយវិវាទដីធ្លីគ្រប់រូបភាព ដោយប្រើប្រាស់យន្តការគណៈកម្មការសុរិយោដី ក្រុមការងារដោះស្រាយវិវាទដីធ្លីក្រសួង ក្រុមការងារដោះស្រាយវិវាទចល័ត និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដែលក្រសួងទទួលដឹកនាំធ្វើឲ្យចំនួនវិវាទ និងការតវ៉ាថយចុះ ធានាបាននូវយុត្តិធម៌សង្គម និងភាពសុខដុមរមនានៅក្នុងសហគមន៍»។
របាយការណ៍ដែលអានដោយលោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ បានបង្ហាញពីលទ្ធផល ការដោះស្រាយវិវាទដីធ្លីក្នុងយន្តការគណៈកម្មការសុរិយោដី និងការដោះស្រាយវិវាទដីធ្លីដោយក្រុមការងារក្រសួង។
លោក ថេង ច័ន្ទសង្វារ បានឲ្យដឹងថា លទ្ធផលការដោះស្រាយវិវាទដីធ្លីក្នុងយន្តការគណៈកម្មការសុរិយោដី ទទួលពាក្យបណ្តឹងចំនួន ៥១៣ករណី (ទទួលពីគណៈកម្មការដ្ឋបាលចំនួន ៤៦១ករណី)៖ ដោះស្រាយបពា្ចប់ចំនួន ២៦៣ករណី មាន១.៤៤៧គ្រួសារ ស្មើនឹងផ្ទៃដីទំហំ ២២៨,៩ហិកតា ច្រានចោលពាក្យបណ្តឹងបន្ទាប់ពីស៉ើបអង្កេត ឃើញថាខុសសមត្ថកិច្ចចំនួន ១៤០ករណី និងសុំដកពាក្យបណ្តឹងចំនួន ៣៨ករណី។ លោកបន្តថា ក្នុងលទ្ធផលនេះ រួមបញ្ចូលលទ្ធផល ក្រុមដោះស្រាយវិវាទដីធ្លីចល័ត អនុវត្តន៍បានចំនួន ៣៤៤ករណី៖ ដោះស្រាយបញ្ចប់ចំនួន ១៨០ករណី, ច្រានចោលចំនួន ១០៦ករណី, ដកពាក្យចំនួន ៣០ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ២៨ករណី។
សរុបលទ្ធផលពីពេលចាប់ផ្តើមអនុវត្តន៍រហូតខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងបានទទួលពាក្យបណ្តឹងចំនួន ៨.៣២២ករណី៖ ដោះស្រាយបពា្ចប់ចំនួន ៣.៩៣៨ករណី ដែលមាន ២០.៩៣៧គ្រួសារ ស្មើនឹងផ្ទៃដីចំនួន ៦.៣០៤,៨៤ហិកតា, ច្រានចោលពាក្យបណ្តឹងបន្ទាប់ពីស៊ើបអង្កេត ឃើញថាខុសសមត្ថកិច្ចចំនួន ២.៦៨៩ករណី, សុំដកពាក្យបណ្តឹងចំនួន ៨៦៩ករណី និងកំពុងដោះស្រាយចំនួន ៨២៦ករណី។ ក្នុងលទ្ធផលនេះ រួមបញ្ចូលលទ្ធផលក្រុមដោះស្រាយវិវាទដីធ្លីចល័ត ចំនួន៣.២៦០ករណី៖ ដោះស្រាយបញ្ចប់ចំនួន ១.៦៨៧ករណី, ច្រានចោលចំនួន ៨៨១ករណី, ដកពាក្យចំនួន ៤២១ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ២៧១ករណី។
បើតាមលោក ថេង ច័ន្ទសង្វារ ការដោះស្រាយវិវាទដីធ្លីដោយក្រុមការងារក្រសួង៖ ទទួលពាក្យបណ្តឹង ចំនួន៤៧៧ករណី, ដោះស្រាយសរុបបានចំនួន ១០១ករណី ក្នុងនោះដោះស្រាយបញ្ចប់ចំនួន ៣៩ករណី និងធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្តឹង ឬបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធចំនួន ៦២ករណី។ លទ្ធផលសរុបគិតចាប់ពីខែមេសា ឆ្នាំ២០១៦ ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងបានទទួលករណីវិវាទសរុបចំនួន ១.១១៦ករណី៖ ដោះស្រាយបានចំនួន ៣៤២ករណី, ក្នុងនោះបានបញ្ចប់ស្ថាពរចំនួន ១១១ករណី, ធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្តឹង និងបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធចំនួន ២៣១ករណី និងកំពុងដោះស្រាយ ៧៧៤ករណី។
របាយការណ៍របស់ក្រសួងរៀបចំដែនដី បានឲ្យដឹងបន្តថា ការដោះស្រាយវិវាទក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច ដំណាំអំពៅផលិតស្ករនាំចេញ ក្រសួងបានធ្វើការសម្រុះសម្រួលដោះស្រាយវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនទទួលបាន សិទ្ធិសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅ ផលិតស្ករនាំចេញ ក្នុងខេត្តកោះកុង ព្រះវិហារ ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ។
ជាលទ្ធផល រួមមាន៖
* ខេត្តកោះកុង៖ បានដោះស្រាយបញ្ចប់ចំនួន ៩៦០គ្រួសារ លើផ្ទៃដីទំហំ ៨២៥ហិកតា,
* ខេត្តព្រះវិហារ៖ បានដោះស្រាយបញ្ចប់ចំនួន ៥៧សលាកបត្រ និងច្រានចោលចំនួន ២៣០សលាកបត្រ ដែលជាសលាកបត្រមិនជាប់ពាក់ព័ន្ធនឹងករណិវិវាទ
* ខេត្តឧត្តរមានជ័យ៖ បានដោះស្រាយបញ្ចប់ចំនួន ៤១២គ្រួសារ លើផ្ទៃដីទំហំ ៨២៤ហិកតា,
* ខេត្តកំពង់ស្ពឺ៖ បានដោះស្រាយបញ្ចប់ចំនួន ០៩ករណី សម្របសម្រួលរួចបាន ១៩៥ករណី និងកំពុងសិក្សាសលាកបត្រដែលនៅសេសសល់ផងដែរ៕