(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល នាយទាហានថ្នាក់កងអនុសេនាតូច និងកងអនុសេនាធំទ័ពជំនាញ ជំនាន់ទី០៣ ស្ថិតនៅវិទ្យាស្ថានទ័ពជើងគោក (ថ្លុកតាសេក) ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនៅយ៍ ម៉ម យឿន នាយកវិទ្យាស្ថានទ័ពជើងគោក, អស់លោកថ្នាក់ដឹកនាំស្ថាប័នក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការរង តំណាងកងទ័ពរំដោះប្រជាជនចិន និងនាយទាហានដែលជាសិក្ខាកាមចំនួន១៤៦នាក់ និងថ្នាក់ដឹកនាំខេត្តយ៉ងច្រើនកុះករផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានពាំនាំប្រសាសន៍សួរសុខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកត្តិព្រឹត្តបណ្ឌិត, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនដល់នាយទាហាន ពលទាហាន ក្នុងវិទ្យាស្ថានទ័ពជើងគោកថ្លុកតាសេក និងសិក្ខាកាមផងដែរ។
នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់យោធិនទាំងអស់ ត្រូវមានការស្មោះត្រង់នឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះត្រូវខិតខំកសាងជំនាញរបស់ខ្លួន ចូលរួមក្នុងការការពារបូរណភាពទឹកដី និងមានការសាមគ្គីឯកភាពគ្នា ដើម្បីការពារតម្លៃសុខសន្តិភាពដែលមាននាបច្ចុប្បន្ននេះ។ ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាត និងវាយបកនូវរាល់ឧបាយកលរបស់ជនអគតិមួយចំនួនតូចដែលចង់បំផ្លាញ់សុខសន្តិភាពកម្ពុជា៕